សុំ​លុយ​ប្រពន្ធ​យក​ទៅ​ផឹក​ស្រា ប្រពន្ធ​មិន​ព្រម​ឲ្យ ផ្ទុះ​កំហឹង​ដាក់​ប្រពន្ធ ចុង​ក្រោយ​ជាប់​ខ្នោះ

ស្រុក​កោះ​ធំ៖ ខឹង​សុំ​លុយ​ប្រពន្ធ​យក​ទៅ​ផឹក​ស្រា ប្រពន្ធ​មិន​ព្រម​ឲ្យ ផ្ទុះ​ជា​ហិង្សា​ប្រពន្ធ​ដាំបាយ​ពុះ​មិន​ទាន់​ជញ្ជាត់​ប្ដី​បាន​ទឹក​ចាក់​លើ​ក្បាល​ប្រពន្ធ​បណ្ដាល​ឲ្យ​រលាក​ផ្ទៃ​មុខ​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១១ខែសីហា​ឆ្នាំ​២០១៧ វេលា​ម៉ោង​១៦និង​០០​នាទី នៅ​ចំណុច​ទំនប់​៣៨ ក្នុង​ភូមិ​ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​កោះ​ធំ ខេត្ត​កណ្តាល ។

ជន​រងគ្រោះ​ឈ្មោះ ឃាង ឡា ភេទស្រី អាយុ៣៣ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទី​លំ​នៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខ​របរ នេសាទ រង​របួស​ត្រង់​មុខ​ខាង​ស្ដាំ(ប្រពន្ធ) ដោយ​ឡែក​ជន​សង្ស័យ​ឈ្មោះ ខ្លូន ខ្លុង ភេទ​ប្រុស​(ប្ដី) អាយុ​៣៤​ឆ្នាំ​​ ជន​ជាតិ​ខ្មែរ ​មាន​ទីលំ​នៅ​ភូមិ​ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល មុខរបរ នេសាទ​(ប្ដី) ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ ជន​សង្ស័យ​ឈ្មោះ ខ្លូន ខ្លុង បាន​សុំ​លុយ​ប្រពន្ធ(ជន​រង​គ្រោះ) ចំនួន ៥,០០០៛ ទៅ​លេង​ល្បែង​បុក​ប៊ី​យែ រួច​ហើយ​ផឹក​ស្រា​ស​ស្រវឹង​ជោក​ជាំ នោះ​ទី​នោះ លុះ​ដល់​ពេល​កើត​ហេតុ​ខា​ង​លើ ក្រោយ​ពី​លេង​ល្បែង​ចាញ់ និង​ផឹក​ស្រា​អស់​លុយ​ផង​នោះ​ជន​សង្ស័យ​ក៏​បាន​ត្រលប់​មក​ផ្ទះ​សុំ​លុយ​ប្រពន្ធ​ថែម​ទៀត ដោយ​ប្រពន្ធ​គ្មាន​លុយ​ឲ្យ ស្រាប់​តែ​ជន​សង្ស័យ​បាន លើក​ឆ្នាំង​បាយ ដែល​នៅ​លើ​ចង្ក្រាន​(ទើប​ជាត់​ទឹក)​ទៅ​ចាក់​ដាក់​លើ​ក្បាល​ប្រពន្ធ បណ្ដាល​អោយ​រង​របួស​រលាក​ពេញ​ផ្ទៃ​មុខ​ខាង​ស្ដាំ ។

ក្រោយ​មក​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​លើក​ដែក​អោយ​ជួយ​អន្តរាគមន៍ ។ បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​លើក​ដែក​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ រួចនាំ​ខ្លួន ជន​សង្ស័យ​ខ្លូន ខ្លុង បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កោះ​ធំ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី ៕