តុលា​ការ​​​សម្រេច​ឃុំ​ខ្លួន ជន​ដៃ​ដល់​២​នាក់ រំលោភ​សម្លាប់ បុគ្គលិក​កា​ស៊ីណូ «Good Luck» ក្រុង​បាវិត

ស្វាយរៀង៖ គិត​ត្រឹម​ថ្ងៃ​ទី​១១​​ខែ​សីហា​ឆ្នាំ​​២០​១៧ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង សម្រេច​ដី​កា​ឃុំ​ខ្លួន ជន​ដៃ​ដល់​ជា​ឃាត​ក​២​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​រំលោភ​សម្លាប់ នារី​បុគ្គលិក​នៅ​កា​ស៊ី​ណូ «Good Luck» ក្នុង​ក្រុង​បាវិត ។

នារី​រង​គ្រោះ​ដែល​ត្រូវ​រំលោភ​សម្លាប់​​ឈ្មោះ សុខ ម៉ាលីន អាយុ​១៨​​ឆ្នាំ បុគ្គលិក​​កា​ស៊ី​​ណូ​Good Luck​ ក្នុង​ក្រុង​​បាវិត​​មាន​​ទី​​លំ​​​នៅ​​ខេត្ត​ព្រះ​​វិហារ ​ហើយ​​ប្រទះ​​ឃើញ​​សព នៅ​​កណ្ដាល​វាល​​ស្រែ​ ក្នុង​ភូមិ​តា​ពៅ សង្កាត់​បាទី ក្រុង​បាវិត ។

ជន​ទាំង​២​នាក់​នេះ​ត្រូវ​បាន​​កម្លាំង​នគរ​បាល​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​កម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​កម្លាំង​នគរបាល នាយក​ដ្ឋាន​សន្ដិ​សុខ​ផ្ទៃ​ក្នុង និង​កម្លាំង​នគរបាល​ខេត្ត​ស្វាយ​រៀង រួម​គ្នា​បើក​ប្រតិបត្តិ​ការ​ស្រាវ​ជ្រាវ ហើយ​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន ជា​បន្ដ​បន្ទាប់ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​២០១៧​ ដោយ​ជន​សង្ស័យ ឆឺយ សុជាតិ ត្រូវ​ចាប់​ខ្លួន​នៅ​ក្រុង​បាវិត នា​ពេល​ព្រឹក និង​ជន​សង្ស័យ ផ្លេក សូនី ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​រសៀល​ក្នុង​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​សន្និ​សីទ​កាសែត នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៧​ លោក​ឧត្តម​សេនីយ៍ទោ កឹង ឃន ស្នង​ការ​នគរបាល​ខេត្ត​ស្វាយ​រៀង ក្រៅ​ពី​បាន​រៀប​រាប់​ពី​ដំណើរ​ដើម​ទង និង​ហេតុ​ការណ៍​លម្អិត នៃ​អំពើ​ឃាត​កម្ម រំលោភ​សម្លាប់ ទៅ​លើ​នារី​រង​គ្រោះ សុវណ្ណ សុម៉ាលីន អាយុ​១៨​ឆ្នាំ លោក​ស្នង​ការ​ក៏​បាន​អះ​អាង​ទៀត​ថា ជន​សង្ស័យ​ទាំង​២​នាក់​នេះ ក៏​ធ្លាប់​ធ្វើ​សកម្ម​ភាព​រំលោភ​សម្លាប់​ទៅ​លើ​នារី ជន​ជាតិ​វៀត​ណាម​ម្នាក់ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០​១៧​កន្លង​ទៅ ដែល​រូប​ភាព នៃ​ការ​ប្រព្រឹត្ត​អំពើ​ឃាត​កម្ម​នេះ មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ទាំង​ការ​ដេក​ស្លាប់​អាក្រាត​កាយ របស់​នារី​រងគ្រោះ​,ទីតាំង​សម្លាប់​ចុះ​ពី​ថ្នល់​ជាតិ​នៅ​ក្រុង​បាវិត, ដេក​ស្លាប​មាន​វត្ថុ​រឹង​សង្កត់​ពី​លើ​ក្បាល​ដូច​គ្នា ដែល​ជា​ករណី​រំលោភ​សម្លាប់ ៕