រថយន្ត​ព្រូស​បើក​បុក​ម៉ូតូ​ឌ្រីម​សង់​រង​របួស​ស្រាល​ ព្យាយាម​បើក​រត់​តែ​មិន​រួច

ភ្នំពេញ: បុរស​ម្នាក់​បើក​រថយន្ត​ព្រូស​ក្នុង​សន្ថាន​ភាព​ស្រវឹង​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រីម​សង់​រង​របួស​ស្រាល​ហើយ​ព្យាយាម​បើក​រត់​ត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​ប្រផាត់​ប្រផើង​ចាប់​បាន​អ្នក​បើក​រប​ទាំង​រថយន្ត​ប្រគល់​ឲ្យ​សមត្ថកិច្ច ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩.​និង​​៣០​នាទី​យប់​ថ្ងៃ​ទី១០​ខែ​សីហា​ឆ្នាំ​២០​១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មុនី​វង្ស​កែង​និង​ផ្លូវ​៤៦៦​ចំនុច​ក្រុមហ៊ុន​ស្មាត​ក្នុង​សង្កាត់​បឹង​ត្របែក​ខណ្ឌ​ចំការមន ។

តាម​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​ព្រូស​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ.​2AE-7890 បើកបរ​តាម​ផ្លូវ​៤៦៦​ពី​លិច​ទៅ​កើត​ខណៈ​មក​ដល់​ចំនុច​កើត​ខាង​លើ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ឌ្រីម​សង់​០១១​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AT-​2949​ពេញ​ទំហឹង​បណ្ដាល​រង​របួស​ស្រាល​ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់​ទទួល​ខុស​ត្រូវ​ទេ​ព្យាយាម​បើក​រត់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ឃើញ​ហេតុ​ការណ៍​ជិះ​ម៉ូតូ​ឌ្រីម​សង់​០១៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CU-​5888​បាន​ដេញ​ពី​ក្រោយ​លុះ​មក​ដល់​ស្តុប​បឹង​ត្របែក​ដោយ​ជាប់​ស្តុប​រថយន្ត​បង្ក​បាន​បត់​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូ​កំពង់​ដេញ​តាម​ពី​ក្រោយ​បាន​បុក​ចំហៀង​ខាង​ឆ្វេង​បណ្ដាល​រង​របួស​បែក​មុខ​មាត់​ហើយ​រថយន្ត​បង្ក​បន្ត​បើក​រត់​ទៀត​ខណៈ​មក​ដល់​ផ្លូវ​នរោត្តម​មុខ​ក្រសួង​មហា​ផ្ទៃ​ត្រូវ​ប្រជា​ពល​រដ្ឋ​ឃាត់​បាន​ទាំង​អ្នក​បើក​បរ​និង​រថយន្ត​តែ​ម្ដង ។

ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ចុះ​វាស់​វែង​យក​រថយន្ត​បង្ក​និង​តៃកុង​រថយន្ត​រួម​ទាំង​ម៉ូតូ​រងគ្រោះ​ពីរ​គ្រឿង​ទៀត​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការ​មន រង់​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕