លោក ឃួង ស្រេង ប្រកាសលុបបំបាត់ចំណត រថយន្តតាមចិញ្ចើមផ្លូវ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន សម្រេច​លុប​បំបាត់ ចំណតរថយន្ត​គូក​ជេរ​តំបន់​ផ្លូវភ្លោះ​មុខ​សក្យមុនី​ចេ​តិយ​ឬ​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​រហូត​ដល់​ផ្សារ​ចាស់ ព្រមទាំង​ហាមឃាត់​ការ​លក់ដូរ​ផ្សេង​ៗ​ផង​ដែរ​ ។

ការ​សម្រេច​បែប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ក្រោយ​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូល​ពី​អភិបាលរង​រាជធានី​៤​រូប ស្នងការ​នគរបាល តំណាង​តុលាការ តំណាង​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី អភិបាល​​ខណ្ឌ​ទាំង​១២ និង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត ។

លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា កិច្ចប្រជុំ​ខាងលើ​បាន​សម្រេច​លុប​បំបាត់ ចំណត​យានយន្ត​បែប​អនាធិបតេយ្យ ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ រហូត​ដល់​ផ្សារ​ចាស់ និង​ការ​លក់ដូរ​លើ​ទីតាំង​នេះ​ក៏​ត្រូវ​បាន​ហាមឃាត់​ផង​ដែរ គឺ​មិន​ឲ្យ​មានការ​ចត​យានយន្ត​រហូត​ដល់​ចត​ជា​ចំណត​លក់ដូរ​យានយន្ត​នៅ​លើ​ដងផ្លូវ​សាធារណៈ​ទៀត​ទេ ។​ដូច្នេះ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​រហូត​ដល់​ផ្សារ​ចាស់ ត្រូវ​រៀបចំ​ឡើង​វិញ និង​លុប​បំបាត់ មិន​ឲ្យ​មាន​ចំណត​តទៅ​ទៀត​ឡើយ​។

លោក​បន្ត​ថា ការ​លុប​បំបាត់​ចំណត​នេះ ដោយសារ​យើង​កំពុង​ស្ថិត​ក្នុង​យុទ្ធនាការ​នៃ​ការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​លើកទឹកចិត្ត​វិនិយោគទុន​ដែល​មាន​បំណង​ធ្វើ​ចំណត​ឯកជន​ពិតប្រាកដ ឬ ក៏​សាងសង់​ជា​អគារ​ជា​ច្រើន​ជាន់ សម្រាប់​ជួល ឬ​ក៏​យក​កម្រៃ​សេវា​នៃ​ការ​ជួល​ចំណត​នេះ ដោយ​មិនមែន​ជា​ការ​វិនិយោគ​ដោយ​យក​ទីតាំង​ទ្រូងផ្លូវ​សាធារណៈ ធ្វើ​ជា​ចំណត ហើយ​ហៅ​ថា​ជា​ការ​វិនិយោគ​នោះ​ទេ​។

លោក​ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​កិច្ចប្រជុំ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ចិញ្ចើមថ្នល់ និង​ទ្រូ​វ​ផ្លូវ​សាធារណៈ ដូច​ជា​ការ​ចត​រថយន្ត និង​យានយន្ត​នៅ​តាម​ដងផ្លូវ​សាធារណៈ ហើយ​សេចក្តីណែនាំ​នឹង​ចេញ​ដាក់​ឲ្យ​អនុវត្តន៍​នៅ​ក្រោយ​កិច្ចប្រជុំ​នេះ​។

លោក​បន្ត​ថា អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​លើក​ឡើង​ពី​ករណី​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដែល​នៅ​មានការ​ហូរ និង​ហុយ ធ្លាក់​ដី​ប្រឡាក់​ផ្លូវ និង​ចាត់​ឲ្យ​ខណ្ឌ​ទាំងអស់ ជា​ពិសេស​ខាង​ជំនាញ​សមត្ថកិច្ច ក៏​ដូច​ជា​លោក​អភិបាល​ខណ្ឌ​ទាំង​១២ ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​ពិនិត្យ​មើល ចាត់វិធានការ​ណែនាំ​និង​ធ្វើ​ម៉េច​លុប​បំបាត់​ឲ្យ​ខាង​តែ​បាន ​។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា ចំពោះ​ការងារ​សណ្តាប់ធ្នាប់​អភិបាល​រាជធានី​បាន​ផ្សារ​ភ្ជាប់​រឿង​ចំណត ទៅ​នឹង​ការ​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់ ឬ​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម មាន​ន័យ​ថា អ្នក​ចេញ​ច្បាប់ ត្រូវ​យកចិត្តទុកដាក់ ដោយ​ត្រូវ​គិតគូរ​អំពី​បញ្ហា​ចំណត ចាប់ពី​ពេល​នេះ​ទៅ រាល់​ការ​ចេញ​លិខិតអនុញ្ញាត​សាងសង់ ឬ​ការ​អនុញ្ញាត​ច្បាប់​អាជីវកម្ម ត្រូវ​តែ​គិតគូរ​និង​ការ​ធានា​ឲ្យ​បានការ​ប្រកប​អាជីវកម្ម រួម​ជាមួយនឹង​ការ​ធ្វើ​សំណង់​សាងសង់ ដែល​មាន​ទីតាំង​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អាជីវកម្ម​និង​មាន​ចំណត​ចត​ត្រឹមត្រូវ​ ៕ប្រភពពី “អង្រុតព័ត៌មាន”