ទិញ​កូ​កា​និង​ទឹក​សុទ្ធ​ តែ​បន្លំ​យក​ម៉ូតូ​ជិះ​ទៅ​បាត់

ភ្នំពេញ៖ ជន​សង្ស័យ​ពីរ​នាក់​បន្លំ​ចូល​ទិញ​កូការ​និង​និង​ទឹក​សុទ្ធ​រួច​បន្លំ​កាច់​សោរ​ករ​ម៉ូតូ​ហុង​ដា​ឌ្រីម​សង់​សេរី​ឆ្នាំ​២០​១៦​ទៅ​បាត់ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​០២​និង​៤០​នាទី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​បេ​តុង ក្នុង​ភូមិ​បា​គូរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេ​ញ​ ។

ជន​រងគ្រោះ​មាន​ឈ្មោះ ធិន ពិទូរ ភេទ​ប្រុស​អាយុ​៣១មុខ​របរ​លក់​ដូរ និង​មាន​ប្រពន្ធ​ឈ្មោះ ឈៀង សារ៉ាន់ អាយុ៣១ អ្នក​ទាំង​ពីរ ស្នាក់​នៅ​​កន្លែង​​កើត​​ហេតុ ។ ចំណែក​ម៉ូតូ​ដែល​ជន​សង្ស័យ​កាច់​សោករ​យក​ទៅ​នោះ​ម៉ាក ហុង​ដា​ឌ្រីម​C125 សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ តាកែវ​1L-​73​85 ។

តាម​សម្ដី​ជន​រងគ្រោះ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​ជន​សង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សង់​សេរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ​មួយ​គ្មាន​ស្លាក​លេខ​មួយ​គ្រឿង បាន​ចូល​មក​ទិញ​កូការ​និងទឹ​ក​ហើយ​អោយ​លុយ​ក្រដាស់​១​មុឺន​រៀល។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​យក​លុយ​អាប់​អោយ​ទៅ​ជន​សង្ស័យ​វិញ​តែ​ពេល​ដែល​កំពុង​យក​លុយ​នៅ​ក្នុង​ផ្ទះ ស្រាប់​តែ​ជន​សង្ស័យ​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​ករ​ម៉ូតូ​របស់​គាត់​ហើយ​ជិះ​គេច​ខ្លួន​បាត់។ ក្រោយ​ពី​កើត​ហេតុ​ភ្លាមៗ​ជន​រងគ្រោះ​បាន​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច​មូល​ដ្ឋាន​ធ្វើ​អោយ​ផ្អើល​ពេញ​សមត្ថកិច្ច​ស្ទើរ​តែ​មួយ​ខណ្ឌ​តែ​ឃាត់​បាន​តែ​បុរស​ពីរ​នាក់​ដែល​មិន​មែន​ជា​ជន​សង្ស័យ​ទៅ​វិញ ។

ក្រោយ​មក​ជន​រងគ្រោះ​បាន​ត្រឹម​តែ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដង្កោ​ប៉ុណ្ណោះ​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវ​ជ្រាវ​ចាប់​ជន​សង្ស័យ​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់ ៕