គួររន្ធត់ណាស់! ជាង​សំណង់​ម្នាក់​ធ្វើការ​មិន​ប្រយ័ត្ន រអិល​ជើង​ធ្លាក់​ពី​លើ​ ស្លាប់​ក្នុង​ថ្លុក​ឈាម

រាជធានី​ភ្នំពេញ : បុរស​ជា​ជាង​សំណង់​ម្នាក់ បាន​ស្លាប់​ក្នុងថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម បន្ទាប់​ពី​រូប​គេ​កំពុង ត​ខ្សែ​រ៉ត ដើម្បី​យោង​សម្ភារ​ទៅ​ខាង​លើ ប៉ុន្តែ​មិន​ប្រយ័ត្ន រអិល​ជើង​ធ្លាក់​ដាំ​ដូង​ពីជាន់​ទី​២ កម្ពស់​ជាង​១០​ម៉ែត្រ ចុះ​មក​ក្រោម។ ហេតុការណ៍​នេះ បង្កឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង៧ និង​០០​នាទី ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​សំណង់​ផ្ទះ​ល្វែង​មួយ​​កន្លែង ស្ថិត​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌច្បារ​អំពៅ។

ជន​រងគ្រោះ មាន​ឈ្មោះ ស៊ុត បេឿន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ផ្ទះ​ល្វែង​កើតហេតុ និង​មាន​ស្រុក​កំណើត​ភូមិ​ព្រៃ​កេះ ឃុំ​ដំណាក់​ចង្អើរ​ខាង​ជើង ស្រុក​កំពង់​ត្រាច ខេត្តកំពត។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ កូន​ជាង​៣​នាក់​ក្នុង​នោះ​មាន​ជន​រងគ្រោះ​ម្នាក់​ដែរ កំពុង​បំពេញ​ការងារ​ជួសជុល​នៅ​ចំណុច​ជាន់​ខ្ពស់​ជាង​គេ គឺ​ជាន់​ទី​២ ដោយ​ពេល​នោះ​បុរស​រងគ្រោះ កំពុង​ឈរនៅ​ក្បែរ​មាត់​ដំបូល​ដើម្បី​ត​ខ្សែ​រ៉ត​សម្រាប់​សំយោង​សម្ភារ​ឡើង​មក​លើ ដោយ​នៅ​ជាន់​ទី​២​នោះ​ពុំ​មាន​បង្កាន់​ដៃ ដំបូល​សម្រាប់​កាន់ និង​ទប់លំនឹង​របស់​ខ្លួន​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​រងគ្រោះ​មិន​បាន​ប្រយ័ត្ន​ផង​នោះ ក៏​រអិល​ជើង​ធ្លាក់​ដាំ​ក្បាល​ចុះ​មក​ក្រោម​បោក​ផ្ទប់​នឹង​ដី​បែក​ក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ក្នុង​ថ្លុក​ឈាម​គួរឲ្យ​សង្វេគ​បំផុត។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍ ដល់​កន្លែង​កើតហេតុ ដោយ​មាន​ហ៊ុំព័ទ្ធ​ខ្សែ​ជុំវិញ​សាកសព​ រង់ចាំ​សមត្ថកិច្ច​ជំនាញ មក​ពិនិត្យ ធ្វើ​​កោសល្យវិច័យ​លើ​សព​ជនរងគ្រោះ៕