បញ្ជូន​ខ្លួន​ឃាតករ ដែល​សម្លាប់​នារី​ម្នាក់ នៅ​ផ្ទះ​សំណាក់ “មុនីកា” មក​តុលា​ការ

រាជធានីភ្នំពេញ៖​ គិត​មក​ដល់​ថ្ងៃ​ទី​០៨​ខែ​សីហា​ឆ្នាំ​២០១៧​នេះ កង​រាជ​អាវធុហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ឃាត​ករ​ដែល​សម្លាប់​នារី​ម្នាក់​នៅ​ផ្ទះ​សំណាក់”​មុនីកា”​មក​តុលា​ការ ដើម្បី​ប្រគល់​ឲ្យ​តំណាង​អយ្យការ​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់ ។ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​ការ​សាក​សួរ​នេះ​មិន​ទាន់​ចប់​សព​គ្រប់ ទើប​តំណាង​អយ្យ​ការ​បាន​ផ្ញើរ​ទៅ ទី​បញ្ជា​កង​រាជ​អាវធុ​ហត្ថ​រាជធានី​ភ្នំពេញ​វិញ​​ ដើម្បី​សាក​សួរ​យក​ទៅ​សាក​​សួរ​បន្ថែម ។

ជន​សង្ស័យ​ជាឃាតករូបនោះ បានសារភាពថា ខ្លួនមានឈ្មោះ ខន ឡា​អាយុ១៩ឆ្នាំជា​សង្សារ​របស់នារីរងគ្រោះ និងមានមុខរបរ ជាកូនជាង​អគ្គិសនីនៃការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះមានឈ្មោះអី សុខា អាយុ​២៦ឆ្នាំ មុខ​របរ​កម្ម​ការិនី​រោង​ចក្រ ស្នាក់​នៅ​ភូមិ​កោះ​នរាយ៍ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឃាត​ករ​ដែល​នាំ​ខ្លួន​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ​គឺ​ពាក់​អាវ​ពណ៌​ផ្ទៃ​មេឃ ដោយ​ឡែក​ជន​សង្ស័យ​ដែល កម្លាំង​អាវធុ​ហត្ថ​បញ្ជូន​មក​ជា​មួយ​គ្នា​ជា​ករណី​ផ្សេង​ទៀត ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ​២០១៧ ​គេបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ ក្នុងបន្ទប់ផ្ទះសំណាក់មួយ កន្លែងឈ្មោះ «មុ​នីកា»ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤៦០ក្នុងសង្កាត់ទួលទំពូង១ ដែលករណី ស្លាប់នេះត្រូវបានគេសង្ស័យថា ជា​អំពើ​ឃាត​កម្ម រហូតមកថ្ងៃ​ទី០៥ ខែ​សីហា ឆ្នាំ២០១៧ ជន​សង្ស័យ​ដែលសម្លាប់នារីម្នាក់ក្នុងផ្ទះសំណាក់ត្រូវបានកម្លាំងជំនាញនៃការិយា ល័យ​ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញបានចុះទៅសហការ​ជាមួយអាវុធហត្ថខេត្តកំពតធ្វើការឃាត់ខ្លួន ឃាតកបានតែម្តងនៅភូមិគីឡូ១២ ឃុំកោះ​តូច ស្រុកទឹកឈូ ខេត្តកំពត ។

ក្រោយ​ពី​ឃាត់​ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​​៦​ខែ​សីហា​ឆ្នាំ​២០១៧ ត្រូវ​បាន​កម្លាំង​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ នាំ​ខ្លួន​ឃាត​ក​ដែល​សម្លាប់​សង្សារ​របស់​ខ្លួន​មក​ធ្វើ​ត្រាប់​ឡើង​វិញ នៅ​ផ្ទះ​សំណាក់​«មុនីកា»​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៤៦០​ក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមនតែ​ម្ដង ៕