រថយន្ត​ដឹក​ដី បុក​រថយន្ត​ពេទ្យ របួស​ធ្ងន់​ស្រាល​៦​នាក់

ភ្នំពេញ ៖ មនុស្ស​៦​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី​បុក​ជា​មួយ​រថយន្ត​សង្គ្រោះ​បន្ទាន់ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ខាង​លើកើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩​និង​៣០​នាទី ត្រង់​ចំណុច​លើ​ផ្លូវ​ជាតិ​លេខ​២ មុខ​បុរី​កាំង​ម៉េង ស្ថិត​នៅ​ភូមិ​ព្រែក​រ​ទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ ។

លោក​វរសេនីយ៍​ឯក ជឹម ស៊ីថា អធិការ​ខណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​មួយ​សង្គ្រោះ​បន្ទាន់​មណ្ឌល​សុខ​ភាព​សៀម​រាប ម៉ាក​ហុី​យ៉ាន់​ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ​អ្នក​បើកបរ​ឈ្មោះ បាន វណ្ណ: ភេទ​ប្រុស អាយុ​២៧ឆ្នាំ មុខ​របរ​បើក​បរ​រថយន្ត​សង្គ្រោះ​បន្ទាន់ ស្នាក់​នៅ​ភូមិ​ប៊ុន​ណ្ណា ឃុំ​ព្រះ​ពុទ្ធ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល (របួស​ធ្ងន់) និង​អ្នក​រួម​ដំណើរ​ទី​១. ឈ្មោះ ប្រាក់ ហឿន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខ​របរ​លក់​ដូរ ស្នាក់​នៅ​ភូមិ​ជើង​ព្រៃ ឃុំ​អំពៅ​ព្រៃ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល (របួស​ធ្ងន់) ទី២. ឈ្មោះ​សុង ស្រីម៉ៅ ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខ​របរ​សិស្ស ស្នាក់​នៅ​ភូមិ​ឃុំ​ជា​មួយ ប្រាក់ ហឿន (របួសស្រាល) ទី៣. ឈ្មោះសុខ ចិន្តា ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ មុខ​របរ កម្មករ​​រោង​ចក្រ ស្នាក់​នៅ​ភូមិ​ឃុំ​ជា​មួយ ប្រាក់ ហឿន ទី៤. ត្រូវជា​គ្រូ​ពេទ្យ​ឈ្មោះ ធឹម ចន្ធី ភេទស្រី អាយុ៣០ឆ្នាំ មុខ​របរ​ពេទ្យ ស្នាក់​ភូមិ​ព្រែក​អង្គុញ ឃុំ​សៀមរាប ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​(របួស​ស្រាល) ទី៥. ត្រូវ​ជា​គ្រូពេទ្យ ភេទ​ស្រី ពុំ​ស្គាល់​អត្ត​សញ្ញាណ (របួសធ្ងន់) បច្ចុប្បន្ន​អ្នក​រងគ្រោះ​ទាំង​អស់​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរ​ពេទ្យ​រុស្សុី​ដោយ​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត លុះ​មក​ចំណុច​កើត​ហេតុ​​បាន​ជ្រុល​ចូល​ចំណែក​ផ្លូវ​រថយន្ត​បែន​ដឹក​ដី​បណ្តាល​អោយ​បុក​គ្នា​តែ​ម្តង ។

ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​ដេវូ ប្រភេទ​ដឹក​ដី ពណ៌​ស ពាក់​ស្លាក​​លេខ 3C​-00​30 អ្នក​បើក​បរ​​ពុំ​ស្គាល់​អត្ត​សញ្ញាណ​គេច​ខ្លួន​បាត់​ពី​កន្លែង​កើត​ហេតុ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​បញ្ច្រាស​ទិស​គ្នា។
ក្រោយ​កើត​ហេតុ​កម្លាំង​ជំនាញ​បាន​វាស់​វែង​យក​មធ្យោបាយ​ពាក់​ព័ន្ធ​មក​រក្សា​ទុក​នៅ ការិយាល័យ ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ ចាត់​ការ​បន្ត ៕