រឿង​ចាប់​ក្មេង​កាល​ពី​ម្សិល​មិញ ជា​រឿង​​បំផុស​បំភ័ន្ត​លើ​Facebook​ជន​សង្ស័យ​២​នាក់​ជា​មុខ​សញ្ញា​លួច​ម៉ូតូទេ

កំពង់ធំ៖ គេហ​ទំព័រ ដំណឹង​យប់​ មិន​បាន​ចុះ​ផ្សាយ ​នៅ​ល្ងាច​ថ្ងៃ​ទី២៩​ខែ​កក្កដា​ឆ្នាំ​២០១៧ នៅ អត្ថ​បទ​មួយ​មាន​ចំណង​ជើង​ថា ” ជួយ Share ប្រុង​ប្រយ័ត្ន​ដោយ​មួយ​រយៈ​នេះ ល្បី​រឿង​ចាប់​ក្មេង​ណាស់” លោក​ឧត្តម​សេនីយ៍ អ៊ុក កុសល ស្នង​ការ​​នគរ​បាល​ខេត្ត​កំពង់​ធំ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​ផ្អើល​ថា​ចាប់​ក្មេង​វះ​គ្រឿង​ក្នុង នៅ​ស្រុក​បារាយណ៍ ជា​ការ​បំផុស​បំភ័ន្ត​លើ Facebook ជន​សង្ស័យ​២​នាក់​ជា​មុខ​សញ្ញា​លួច​ម៉ូតូ ។

ប្រភព​បំផុស​បំពុល​បរិយាកាស​សង្គម​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​នេះ គឺ​ចេញ​ពី​គណ​នី​Facbook មួយ​មាន​ឈ្មោះ​ថា Nay Sineng ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​សកម្មជន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ប៉ុន្តែ​ជាក់​ស្ដែង​ជន​សង្ស័យ​មិន​មែន ​ជា​ជន​ជាតិ​យួន​ដើរ​វះ​យក​គ្រឿង​ក្នុង​នោះ​ទេ ពោល​ពួក​គេ​គឺ​ជា​មុខ​សញ្ញា​លួច​ម៉ូតូ ។

គួរ​បញ្ជាក់​ថា គណ​នី Facbook របស់​ឈ្មោះ «Nay Sineng» ​បាន​សរសេរ​ពាក្យ​​ពេចន៍​យ៉ាង​​ដូច្នេះ​​ថា «ស្រុក​បារាយ​ណ៍ រសៀល​ថ្ងៃ​ទី​២៩.​០៧.​២០១៧. នៅ​រសៀល​នេះ មាន​ករណី​ជន​ជាតិ​យួន ៣​នាក់ ចាប់​កូន​ក្មេង​វះ​យក​ក្រលៀន និង​ភ្នែក ត្រូវ​បាន​ប្រជា​ជន​ចាប់​បាន​ចំនួន ២​នាក់ និង​រត់​រួច ១​នាក់។ ករណី​នេះ​កើត​ឡើង​នៅ​ភូមិ​អណ្ដូង​ពោ ឃុំ​គ្រើល ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ។ សូម​បង​ប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន​អោយ​បាន​ខ្ពស់ ចំពោះ​កូន​របស់​ពួក​យើង ពី​ព្រោះ​ពួក​នេះ​សាហាវ​ណាស់» ។

លោក​ឧត្តម​សេនីយ៍ អ៊ុក កុសល បាន​​បក​ស្រាយ​ថា ឆ្លង​កាត់​ការ​ស្រាវ​ជ្រាវ​តាម​ជំនាញ ជន​សង្ស័យ​ទាំង​២​នាក់ ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​នោះ មិន​មែន​ជា​ជន​ជាតិ​យួន​ដើរ​វះ​យក​គ្រឿង​ក្នុង​ក្មេង​ៗ​ឡើយ ពោល​ពួក​គេ​គឺ​ជា​មុខ​សញ្ញា​លួច​ម៉ូតូ​ទៅ​វិញ​ទេ ក្នុង​២​នាក់​នោះ មាន​ម្នាក់​គឺ​ត្រូវ​បាន​តុលា​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ទៀត​ផង ដែល​ពួក​គេ​មាន​ឈ្មោះ មុត សុផាត អាយុ​៣៥​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​មាស​ឈរ ឃុំ​ចក ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃ​វែង និង​ម្នាក់​ឈ្មោះ ច័ន្ទ រដ្ឋ អាយុ​២៥​ឆ្នាំ​មាន​ទី​លំ​នៅ​ភូមិ​ឃុំ​ជា​មួយ​គ្នា។

ពេល​ចាប់​បាន​ហើយ ប្រជា​ពលរដ្ឋ​បាន​ប្រមូល​គ្នា​មក​ជា​បន្ត​បន្ទាប់​ ហើយ​វាយ​ដំ​ច្រំ​ធាក់​លើ​ជន​សង្ស័យ​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ដោយ​ចោទ​ថា ជា​មុខ​សញ្ញា​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេង​ៗ ពិសេស​គឺ​ចេះ​តែ​ស្រែក​តៗ​គ្នា​ថា ចាប់​ក្មេង​ៗ ។​

ករណី​នេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត​ ប៉ុន្តែ​ពុំ​មាន​ករណី​ចាប់​ក្មេង​នោះ​ទេ​ ហើយ​មុខ​សញ្ញា​នេះ ក៏​មិន​ទាន់​បាន​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​ដែរ​ គឺ​ស្ថិត​ក្នុង​ការ​សង្ស័យ​នៅ​ឡើយ ដោយ​ពេល​កម្លាំង​នគរបាល​ទៅ​សាក​សួរ​ តែ​ពួក​គេ​បែរ​រត់​គេច ។

យ៉ាង​ណា​មិញ ព្រះ​រាជ​អាជ្ញា​ខេត្ត​លោក អ៊ិត សុធា ក៏​បាន​អះ​អាង​ដែរ​ថា ជន​សង្ស័យ​ទាំង​២​នាក់​នេះ ជា​មុខ​សញ្ញា​លួច​ម៉ូតូ មិន​មែន​ជា​ករណី​ចាប់​ក្មេង​វះ​យក​គ្រឿង​ក្នុង ដូច​ជា ប្រជា​ពល​រដ្ឋ​ផ្អើល​តាម​ការ​បំភ័ន្ត​ក្នុង​គណ​នី Face​book ឈ្មោះ Nay Sineng នោះ​ឡើយ ហើយ​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​សួរ​នាំ​របស់​សមត្ថកិច្ច​ជំនាញ ៕
សូមទស្សនាវីឌីអូរ