រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​យ៉ាង​អាណោច​​អាធម៌

ភ្នំពេញ៖ រថយន្ត​ហាយ​ឡែន​ឌ័រ​មួយ​គ្រឿង បាន​បើក​បុក​ជា​មួយ​និង​ម៉ូតូ​មួយ​គ្រឿង​ ដែ​ល​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាស គ្នា​បណ្ដាល​ ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុ​ យ៉ាង​អាណោច​អាធម៌ ។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ឋត់​ខាង​លើ​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០​១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ត្រង់​ចំណុច​មុខ​ផ្សារ​បុរី​ពិភព​ថ្មី​ ស្ថិត​ក្នុង​ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

ជន​រងគ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ មុំ រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​មុខ​របរ កង​អង្គ​រក្ស​នៅ​បន្ទាយ​តា​ខ្មៅ ស្នាក់​នៅ​ភូមិ​ព្រែក​ឬស្សី សង្កាត់​ព្រែក​ឬស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​ជា​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ម៉ាក ហុង​ដា​ឌ្រីម ឆ្នាំ​២០១១​ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ កណ្ដាល 1M-9910 ។ ចំណែក​រថយន្ត​បង្ក​ម៉ាក តូ​យ៉ូ​​តា ហាយ​ឡែន​ឌ័រ ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2​AJ-7334 អ្នក​បើក​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ​ក្រោយ​កើត​ហេតុ​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សល់​ ទុក​រថយន្ត​បង្ក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ដែល​នៅ​កន្លែង​កើត​ហេតុ បាន​​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ខាង​លើ ខណៈ​ពេល​នោះ​ក៏​មាន​​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែន​ឌ័រ បាន​បើក​បរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​រួម​ទាំង​បាន​វ៉ា​ជ្រែង​គេ​ឯង​ផង ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​រងគ្រោះ​ខាង​លើ​ធ្វើ​ដំណើ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​រួម​ទាំង​បើក​វ៉ា​ជ្រែង​គេ​ឯង​ផង​ដែរ ទើប​ធ្វើ​ឲ្យ​រថយន្ត​បង្ក​ខាង​លើ​បុក​ម៉ូតូ​រងគ្រោះ​ចំ​ពី​មុខ​ចហៀង​ខាង​ស្ដាំ​តែ​ម្ដង ហើយ​អូស​ទាំង​ម៉ូតូ​និង​ម្ចាស់​ប្រហែល​ជិត​៣០​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ហេតុ រីឯ​ម៉ូតូ​រង​ការ​ខូច​ខាត​ទាំង​ស្រុង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​កើត​ហេតុ​ភ្លាម​ៗ អ្នក​បើក​រថយន្ត​ហាយ​ឡែន​ឌ័រ មិន​បាន​ឈប់​នៅ​និង​កន្លែង​កើត​ហេតុ​នោះ​ទេ ដោយ​បើក​បន្ត​ទៅ​មុខ​បាន​ប្រហែល​ជា​២០០​ម៉ែត្រ​ក៏​ឈប់​ហើយ​បាន​បើក​ទ្វារ​រថយន្ត​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ រួច​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទំនាក់​ទំនង​ទៅ​សាច់​ញាតិ​សព​ឲ្យ​ចុះ​មក​ទទួល យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​បង្ក​និង​ម៉ូតូ​រង​គ្រោះ ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​ខាង​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ចុះ​មក​វាស់​វែង​យក​ទៅ​រក្សា​ទុក រង​ចាំ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕