ដល់​ផ្លូវ​កោង​ មិន​ប្រយត្ន័​ជ្រុល​ទៅ​បុក​រះ​ដើម​ឈើ​​និង​បង្គោល​ភ្លើង

ភ្នំពេញ៖ បុរស​ម្នាក់​បាន​បើក​រថយន្ត​ម៉ាស្ដា ទៅ​បុក​រះ​ដើម​ឈើ ប៉ា​ណូ ស​យ៉ាប់​ផ្ទះ​និង​បង្គោល​ភ្លើង​នៅ​លើ​ចញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ សំណាង​ល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ខាង​ក្រោយ​វត្ត​អង្គ​តា​មិញ តាម​បណ្ដោយ​ផ្លូវ​បេ​តុង​អង្គ​តា​មិញ ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​បង្ក​ស៊េរី​ទំនើប​ម៉ាក ម៉ាស្ដា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AN​-73​32 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ស្រវឹង​ស្រា​ឡើង​ជោក​ជាំ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេ​តុង​អង្គ​តា​មិញ ទិស​ដៅ​ពី​កើត​មក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កោង​ដែល​ជា​កន្លែង​កើត​ហេតុ ក៏​ស្រាប់​តែ​ជ្រុល​ចង្កូត​ទៅ​បុក​រះ ដើម​ឈើ​អស់​៣​ដើម ប៉ា​ណូ​ក្រុម​ហ៊ុន​ស្រា​បៀរ ក្រែន​ស្បើត ចំនួន​១ សំ​យ៉ាប់​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​១​ផ្ទាំង និង​បុក​បង្គោល​ភ្លើង​រដ្ឋ​ទ្រេត​អស់​១​ដើម​ផង​ដែរ ហើយ​រថយន្ត​បង្ក​បាន​ដាច់​កាឡែ​កង់​ក្រោយ​ផ្នែក​ខាង​ស្ដាំ​ទើប​ទៅ​មុខ​លេង​រួច ។ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ដែរ គឺ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់​តែ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប្រជា​ពលរដ្ឋ​និង​សម្បត្តិ​រដ្ឋ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ តែ​មិន​បាន​ឃាត់​អ្នក​បើក​បរ​នោះ​ទេ ដោយ​បាន​ត្រឹម​តែ​ទំនាក់​ទំនង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​ស្ទួច​រថយន្ត​បង្ក​ខាង​លើយ​ក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក រាជ​ធានី​ភ្នំពេញ រង​ចាំ​ដោះ​ស្រាយ​តាម​ក្រោ​យ ​៕