តើ​នីឡា​បែក​គ្នា​ជាមួយ​គូ​ដណ្ដឹង​មែន​ឬ? ចុះ​លោកតា វិចទ័រ មាន​ប្រតិកម្ម​យ៉ាងណា?

រឿងរ៉ាវ​បែកបាក់​ស្នេហា​រវាង ក. នីឡា ដែល​ជា​តារា​កំប្លែង​ល្បី​ប្រចាំ​ទូរទស្សន៍ ស៊ីធីអិន ជា​មួយ​គូ​ដណ្ដឹង​ខ្លួន ត្រូវ​បាន​បង្ហោះ​ត​ៗ​គ្នា​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ទាំង​ពីរ​បាន​សរសេរ ក្នុង​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រៀង​ៗ ខ្លួន។

ក. នីឡា​បាន​សរសេរ​ខ្លឹមសារ​ក្នុង​គណនី​ហ្វេសប៊ុក​ខ្លួន​ថា គ្រប់យ៉ាង​ត្រូវ​ចប់ ហើយ​នាង​បាន​សុំទោស​គូ​ដណ្ដឹង​នាង​ដែល​មិន​អាច​កាន់​ដៃ​បន្ត​ទៅ​ទៀត។ នាង​បាន​អរគុណ​គ្រប់​យ៉ាង​ដែល​គូ​ដណ្ដឹង​នាង​ផ្ដល់​ឲ្យ។ នាង​ក៏​ជូន​ពរ​គូ​ដណ្ដឹង​នាង​ឲ្យ​ជួប​តែ​សំណាង​ល្អ​ដែរ។ «គ្រប់​យ៉ាង​គឺ​ចប់ សុំទោស​ដែល​មិន​អាច​កាន់​ដៃ​អ្នក​បន្ត​ទៅ​មុខ​ទៀត អរគុណ​គ្រប់យ៉ាង​ដែល​បាន​ផ្ដល់​អោយ សំណាង​ល្អ​ណា៎ Reng Sey»

ចំណែក​គូ​ដណ្ដឹង​នាង​បាន​សរសេរ​ខ្លឹមសារ​ក្នុង​គណនី​ហ្វេសប៊ុក​ខ្លួន​ថា លោក​មិន​ខឹង​នឹង​នាង​ទេ តែ​លោក​មិន​នឹក​ស្មាន​ថា មាន​រឿង​បែប​នេះ​ចូល​ក្នុង​ជីវិត​ឡើយ ធ្វើ​ម្ដេច​រូប​លោក​ត្រឹម​ជា​អ្នក​រក​ស៊ី​ធម្មតា រូបរាង​មិន​ស្អាត​សង្ហា និង​ទាន់​សម័យ មិន​ចេះ Sweet មិន​សក្ដិសម​នឹង ក. នីឡា ដែល​ជា​តារា​ល្បី។ លោក​បន្ត​ថា ធ្វើ​ម្ដេច​និស្ស័យ​លោក​និង​នាង​បាន​ត្រឹមតែ​គូ​ដណ្ដឹង។ ខាង​ក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង៖

«មិន​បាច់​សុំទោស​ទេ​អូន។ អ្វី​ដែល​អូន​ធ្វើ គឺ​ត្រឹមត្រូវ​ហើយ ជិត​បី​ឆ្នាំ​ហើយ ដែល​យើង​ស្រឡាញ់​គ្នា​ដោយ​មិន​មាន​ការ​បង្ខិតបង្ខំ​ពី​ចាស់ទុំ​ឡើយ ហើយ​បង​ក៏​មិន​នឹក​ស្មាន​ថា​មាន​រឿង​បែបនេះ​ចូល​មក​ក្នុង​ជីវិត​បង​ដែរ។ បង​មិន​ខឹង​នឹង​អូន​ទេ ព្រោះ​បង​តែង​គិត​ថា​បង​មិន​សក្ដិសម​នឹង​អូន​នោះ​ទេ ទាំង​រូបរាង​ទាំង​ការងារ។ បង​ត្រឹម​ជា​មនុស្ស​ប្រុស​ធម្មតា​ម្នាក់ រូបរាង​ក៏​មិន​ស្អាត មិន​ទាន់​សម័យ អត់​ចេះ sweet អី​ដូច​គេ​នោះ​ទេ។

ត្រឹម​ជា​នាក់​រក​ស៊ី​ធម្មតា​ម្នាក់ ទម្រាំ​បាន​លុយ​គេ អត់​ងងុយ ស្អុយ​ភ្នែក ញើស​ហូរ​ដាប​ខ្លួន​មិន​សក្ដិសម​អី​នឹង​អូន​ជា​តារា​ល្បី ស្អាត មាន​គេ​ស្រឡាញ់​គាំទ្រ​ច្រើន។ អូន​ដឹង​ហើយ​តាំង​ពី​ភ្ជាប់​ពាក្យ​មក​ទល់​នឹង​ពេល​នេះ បង​តែងតែ​ត្រូវ​គេ​រិះគន់ ប្រមាថ តិះដៀល ថា​បង​ចេះ​ថា​បង​ចុះ តែ​បង​មិន​ដែល​ខ្វល់​ទេ ព្រោះ​វា​មិន​មែន​ជា​ការពិត។ បង​តែងតែ​ខំ​ប្រឹងប្រែង​រកស៊ី​ទាំង​ឈឺ​ទាំង​ជា ព្រោះ​ចង់​សម្រេច​គោលដៅ​មុន​ពេល​យើង​រៀបការ។

តែ​គ្រប់​យ៉ាង​វា​រលាយ​អស់​ហើយ។ ពេល​អត់​ពី​បង​ត្រូវ​ធ្វើ​ជា​ក្មេង​ល្អ​ណា ក្មេង​ក្បាល​រឹង​ជូនពរ​ឱ្យ​អូន​ជួប​មនុស្ស​ល្អ និង​សក្ដិសម​នឹង​អូន។ ធ្វើ​មិច​បើ​និស្ស័យ​ពួក​យើង បាន​ត្រឹម​គូ​ដណ្តឹង។»

ចំណែក​លោកតា​វិចទ័រ ជា​ឪពុក​របស់ នីឡា បាន​បង្ហោះ​សារ​ប្រតិកម្ម​ក្នុង​ន័យ​ប្រៀន​ប្រដៅ​កូន​បែប​កំប្លែង​ទៅ​កាន់​កូនៗ​ថា «បើ​នៅ​តែ​មិន​យល់​ចិត្ត​គ្នា​អញ្ចឹង​អនាគត​មិន​ដឹង​ទៅ​យ៉ាង​ណា​ទេ? កូន​ៗ​ទាំងអស់​គ្នា​ត្រូវ​សំរេច​ចិត្ត​អោយ​ច្បាស់ អោយ​រឹងមាំ។ តើ​ពួក​កូន​ត្រូវ​ទៅ​ខាង​ប៉ា​ឬ​ក៏​ទៅ​ខាង​ម៉ាក់? តែ​បើ​ប៉ា​វិញ ប៉ា​ដឹង​តែ​ទៅ​ជាមួយ​ម៉ាក់​កូន​ឯង​ហើយ។»

ម្យ៉ាង​វិញ​ទៀត​លោកតា វិចទ័រ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា កូន​ស្រី​របស់​លោក និង​គូ​ដណ្ដឹង​នៅ​ស្រឡាញ់​គ្នា​ដូច​ដើម គ្មាន​អ្វី​ប្រែប្រួល​ឡើយ។ «នីឡា​ កូន​ខ្ញុំ​គាត់​នៅ​ជាមួយ​ខ្ញុំ​ គាត់​និង​គូ​ដណ្ដឹង​នៅ​តែ​ស្រឡាញ់​គ្នា​ដូច​ដើម​ គ្មាន​អ្វី​ខុស​ពី​ធម្មតា​ផង ដូច្នេះ​សូម​កុំ​យល់​ច្រឡំ។ ទាក់​ទង​រឿង​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ថា​គាត់​ និង​គូ​ដណ្ដឹង​បែក​គ្នា​ហ្នឹង​ក៏​ខ្ញុំ​អត់​ដឹង​ដែរ»