ចោរ​ខ្ទើយ​បើក​ទ្វា​យក​កាបូប​អស់​លុយ​ជិត​8000​$​ ម្ចាស់​ខឹង​ជិះ​ឡាន​ដេញ​បុក តែ​យកលុយ​អត់​បាន​

ភ្នំពេញ​ ៖​ បុរស​ជន​ជាតិ​ម្នាក់​បើក​រថយន្ត​ឡិច​ សុីស​មក​ឈប់​រង​ចាំ​ស្តុប​ត្រូវ​ក្រុម​ចោរ​ខ្ទើយ​ ៣​នាក់​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​ហើយ​បក្ខ​ពួក​គេ​២​នាក់​ចុះ​មក​ធ្វើ​សកម្មភាព​បើក​ទ្វា​លួច​យក​​កា​ បូប​រួច​នាំ​គ្នា​រត់​ឡើង​ជិះ​ម៉ូតូ​គេច​ខ្លួន​ ត្រូវ​ជន​រង​គ្រោះ​ បើក​រថយន្ត​ដេញ​បុក​បណ្ដាល​ឲ្យ​ដួល​ ម៉ូតូ​រួច​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​ចាប់​វាយ​ឡើង​ទ្រោម​ខ្លួន ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ឆ្នាំ​២០១៧​ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​​សីហនុ​ កែង​និង​ផ្លូវ​​១៦៣​ ត្រង់​ចំណុច​ស្តុប​វត្ត​​មហា​​មន្ត្រី​ ស្ថិត​ក្នុង​សង្កាត់​ អូ​ឡាំ​ពិច​ ខណ្ឌ​ចំការ​មន​ រាជធានី​ភ្នំពេញ​ ។

យោង​តាម​សម្ដី​ជន​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ ថា​ មុន​ពេល​កើត​ហេតុ​ ជន​រងគ្រោះ​បាន​ចេញ​មក​ពី​ញាំ​អី​នៅ​ហាង​ចិន​មួយ​កន្លែង​ម្ដុំ​ផ្សារ​អូ​ឡាំ​ពិច​ដោយ​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​សុីស​ពណ៌​ទឹក​មាស​ពាក់​ស្លាក​លេខ​ តាកែវ​ 2L-2089 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ រថយន្ត​បាន​ឈប់​ចាំ​សញ្ញា​ភ្លើង​ស្តុប​ពណ៌​​ខៀវ​​ ខណៈ​​ដែល​កំពុង​ឈប់​ចាំ​នោះ​ ក៏​ស្រាប់​តែ​មាន​ក្រុម​ ខ្ទើយ​ដែល​ជា​ជន​សង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿ​ង​ម៉ាក​ស្កុប​ពី​​ពណ៌​ស​ពាក់​ស្លាក​​លេខ​ភ្នំពេញ​ 1CO​-47​79 ជិះ​ឌុប​គ្នា​មក​ឈប់​​ក្បែរ​ រថយន្ត​ ​រួច​ធ្វើ​សកម្មភាព​បើក​​ទ្វារ​​ខាង​​មុខ​​និង​ម្នាក់​ទៀត​បើក​ទ្វារ​​ក្រោយ​ ហើយ​បាន​យក​កាបូប​លុយ​ដែល​​មាន​លុយ​ជិត​8000​$​(ដុល្លារ​)​ និង​ឯក​សារ​​សំខាន់​ៗ​មួយ​ចំនួន​​រួម​ទាំង​ប៉ាស្ពរ័​មួយ​ស្លឹក រួច​ពួក​គេ​បាន​រត់​ឡើង​ជិះ​ម៉ូតូ​បំណង​គេច​ខ្លួន​តែ​ត្រូវ​ជន​រងគ្រោះ​បើក​រថយន្ត​ដេញ​តាម​​រហូត​មក​ដល់​ ផ្លូវ​២៨៤​ជាប់​របង​វត្ត​មហា​មន្ត្រី​ ខាង​ត្បូង ទើប​បុក​ពី​ក្រោយ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​ហើយ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជួយ​ចាប់​បាន​ម្នាក់​រួច​ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ ចំណែក​ពីរ​នាក់​ទៀត​បាន​រត់​គេច​ខ្លួន​ចូល​ក្នុង​វត្ត​មហា​មន្ត្រី​បាត់​ស្រមោល​ ដោយ​យក​ទាំង​កាបូប​ទៅ​ជា​មួយ​ផង​ដែរ​ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​បាន​នាំ​យក​ជន​សង្ស័យ​មក​ធ្វើ​ការ​សាក​សួរ​នៅ​ប៉ុស្តិ៍​នគរ​បាល​អូឡាំពិច​ហើយ​ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ បន្ទាប់​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ចួន​ ជន​សង្ស័យ​និង​វត្ថុតាង​ទៅ​​អធិការ​ខណ្ឌ​ ចំការមន ចាត់​ការ​​បន្ត​តាម​នីតិ​វិធី​ច្បាប់​ រីឯរថ​យ​ន្ត​​សមត្ថកិច្ច​ប្រ​គល់​ឲ្យ​ម្ចាស់​យក​ទៅ​ជួស​ជុល​ដោយ​ខ្លួន​ឯង​ ៕