ចិត្ត​១ថ្លើម​១ ស៊ីដាច់​ម៉ូតូ​ហើយ ល្បួង​ប្រពន្ធ​មិត្តភក្តិ​ចូល​ផ្ទះសំណាក់​រួម​ភេទ​ទៀត

ភ្នំពេញ ៖ យុវជន​ម្នាក់​ស៊ីដាច់​ម៉ូតូ​មិត្តភក្តិ​បាន​សម្រេច​តាំងពី​ខែមិថុនា ២០១៧ មក​ម្ល៉េះ​នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ថែម​ទាំង​ប្រើ​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ល្បួងលួងលោម​ប្រពន្ធ​ជន​រង​គ្រោះ​ឡើងផ្ទះ​សំណាក់​រួម​ភេទ​ទៀត តែ​ទីបំផុត​ត្រូវ​សមត្ថកិច្ច​រាយ​អន្ទាក់​ជាង​១​ខែ ទើប​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៣ កក្កដា ២០១៧ ស្ថិត​នៅ​មុខ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ មឿ​ន សុខ​ណា ហៅ​វាសនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ជាងដែក នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង តែ​ក្រោយ​ឆបោក​រត់គេច​ខ្លួន​មក​សម្ងំ​លាក់ខ្លួន នៅផ្ទះ​ជួល តាម​ផ្លូវ​ហាណូយ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ ធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ម៉ូតូឌុប ស្នាក់​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ត្រូវជា​មិត្តភក្តិ​របស់​ជនសង្ស័យ ប្រពន្ធ​ឈ្មោះស្រី​ដែន អាយុ​២០​ឆ្នាំ ។ ដោយឡែក​ម៉ូតូ​ដែល​មិត្តភក្តិ​យក​ទៅ​បាត់​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន 1A-9744 ។

បើ​តាម​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រូបគេ​និង​ជនសង្ស័យ​ជា​មិត្តភក្តិ​ចិត្ត​មួយ​ថ្លើម​មួយ គ្រា​ស្នាក់​នៅ​រកស៊ី​នៅ​ស្រុក​កំ​រៀង ដោយសារ​ស្គាល់​ទុកចិត្ត​គ្នា នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ មិថុនា ២០១៧ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ជិះ​មួយ​ភ្លែត បែរជា​យក​ទៅ​បាត់ ។

ជន​រង​គ្រោះ បន្ត​ថា ពេល​ដឹង​ថា មិត្តភក្តិ​ឆបោក​ហើយ ខ្លួន​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ស្រុក​កំ​រៀង​ហើយ​ដែរ ទោះបី​ដើរ​ស្វែងរក​អស់​ជា​ច្រើន​ថ្ងៃ​ក៏​នៅ​តែ​មិនឃើញ បាត់​ដំណឹង​សូន្យឈឹង ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រពន្ធ​របស់​ជន​រង​គ្រោះ ឈ្មោះ​ ស្រី​ដែន ប្រើ​ល្បិច​បង្កើត គណនី​ហ្វេ​ស​ប៊ុ​ក​ថ្មី បន្លំ​ចូល​លេង​ឆាត​ជាមួយ​ហ្វេ​ស​ប៊ុ​ក​របស់​ជនសង្ស័យ ។

ជន​រង​គ្រោះ បញ្ជាក់​ថា ទោះបីជា​ស្គាល់​ស្ត្រី​ខាងលើ​ជា​ប្រពន្ធ​របស់​មិត្តភក្តិ​ក៏​ដោយ ក៏​ជនសង្ស័យ​នៅ​តែ​លេង​ឆាត សុំ​ស្រឡាញ់​សុំ​ស្នេហ៍ ពី​ប្រពន្ធ​របស់​ខ្លួន​ដដែល រហូត​ដល់​ជន​រង​គ្រោះ​រៀប​អន្ទាក់ ប្រើ​ល្បិច​ធ្វើ​ជា​បាក់ចិត្ត​ស្រឡាញ់ អន្ទង​ចិត្ត​ជនសង្ស័យ​ឲ្យ​ស្លុង​លង់សម្តី ដើម្បី​ជួប​គ្នា​កន្លែង​ណាត់​មួយ នៅ​មុខ​ផ្សា​រកា​ណា​ស៊ី​ធី នា​ព្រឹក ថ្ងៃ​ទី​២៣ កក្កដា នេះ​តាម​បំណង់​ជនសង្ស័យ​ថា នាំ​ប្រពន្ធ​របស់​របស់​ខ្លួន​ទៅ​រួម​ភេទ​នៅផ្ទះ​សំណាក់​មួយ​កន្លែង តែ​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ជនសង្ស័យ​ប៉ង​នោះ​ខុសស្រឡះ គ្រា​ដែល​ណាត់ជួប មិនមែន​មនុស្ស​ស្រី​ឡើយ បែរ​លេចមុខ​មក​សុទ្ធ​ប៉ូលិស ចាប់ខ្លួន​ជាប់​បញ្ជូន​ទៅ​ប៉ុស្តិ៍​ចោម​ចៅ តែ​ម្តង ។

តាម​ចម្លើយ​សារភាព​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ក្រោយ​ពី​ឆបោក ជិះ​មក​ដល់​ខេត្តពោធិ៍សាត់ ដាក់បញ្ចាំ​បាន​លុយ​៦០​ម៉ឺន​រៀល រួច​បន្តដំណើរ​បង្ហួស​មក​ទីក្រុង​ភ្នំពេញ សម្ងំ​លាក់ខ្លួន​នៅ ខណ្ឌ​សែន​សុខ ហើយ​គ្រា​ដែល​លេង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ប្រពន្ធ​ជន​រង​គ្រោះ​នោះ ខ្លួន​មាន​ចេតនា ព្យាយាម​លួងលោម​សុំ​ស្នេហ៍ និង​បបួល​ទៅ​រួម​ភេទ​នៅផ្ទះ​សំណាក់​ពិតប្រាកដ​មែន ។

បើតាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ខាងលើ ត្រូវ​បាន​នគរបាល​ស្រុក​កំ​រៀង ទំនាក់ទំនង​គ្នា​រួច​ហើយ ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ទទួលយក​ជនសង្ស័យ ទៅ​សាកសួរ​នៅ​ខាង​ខេត្តបាត់ដំបង​វិញ ៕ ប្រភព: Angrut