ប្រកាសសាលក្រមផ្ដន្ទាទោសក្រុមចោរប្លន់ដាក់គុកជាង២០០ឆ្នាំ
|ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារ ចន្លោះពី១០៨ឆ្នាំ ទៅដល់ ១៣៨ឆ្នាំ ពាក់ព័ន្ធករណីប្លន់ម៉ូតូ និងបាញ់សម្លាប់ជនរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ចំនួន ៦លើក។
តុលាការបានសម្រេចផ្ដន្ទាទោសជនជាប់ចោទទាំង ៦នាក់ ដូចតទៅ៖
-ទី១មានឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង ភេទប្រុស អាយុ ២២ឆ្នាំ ជាប់ពន្ធនាគារ សរុប១៣៨ឆ្នាំ
-ទី២ឈ្មោះ ប៉ែន ចំណាប់ ហៅ ពីន ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ,ទី៤ឈ្មោះ អេង អារីពីន ភេទប្រុស ដាក់ពន្ធនាគារ សរុបក្នុងម្នាក់ៗ ១២០ឆ្នាំ
-ទី៥ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២១ឆ្នាំ និងទី៦ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី ភេទស្រី អាយុ២១ឆ្នាំ ដាក់ពន្ធនាគារសរុបក្នុងម្នាក់ៗ ១០៨ឆ្នាំ។
ក្រោមបទចោទប្រកាន់ លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាពនៃជនរងគ្រោះ បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទមិនរាងចាល ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៥ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៣ មាត្រា ៨៤ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦០ និង មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ បានផ្តន្ទាទោស ជនជាប់ចោទទាំង៦នាក់ លើករណីប្លន់ប្រដាប់អាវុធ ចំនួន ៣លើកដូចតទៅ៖
-ទី១មានឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង ភេទប្រុស អាយុ២២ឆ្នាំ ជាប់ពន្ធនាគារ សរុប៧៣ឆ្នាំ
-ទី២ឈ្មោះ ប៉ែន ចំណាប់ ហៅ ពីន ភេទប្រុស អាយុ១៨ឆ្នាំ, ទី៣ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ, ទី៤ឈ្មោះ អេង អារីពីន ភេទប្រុស ដាក់ពន្ធនាគារ សរុបក្នុងម្នាក់ៗ៦៥ឆ្នាំ
-ទី៥ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២១ឆ្នាំ និងទី៦ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី ភេទស្រី អាយុ២១ឆ្នាំ ដាក់ពន្ធនាគារសរុបក្នុងម្នាក់ៗ៥៦ឆ្នាំ។
នៅក្នុងសវនាការកាលពីពេលកន្លងទៅជនជាប់ចោទទាំងអស់សុទ្ធតែឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្ត ដោយឆ្លើយដាក់ទៅលើឈ្មោះ ម៉ី និងឈ្មោះ លីម ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបាញ់ស្លាប់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ៕ ម៉ម វ៉ាន