សូម​ចូលរួម​អបអរ! ចៅ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​បាន​មេដាយ​មាស (វីដេអូ)

រាជធានី​ភ្នំពេញ៖ មុន​នេះ​បន្តិច​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហោះ​រូបភាព​និង​ខ្លឹមសារ​ខ្លី ស្ដី​ពី​ចៅ​ស្រី​សម្ដេច​តេជោ​បាន​ទទួល​បាន​មេដាយ​មាស​ពី​ការ​ប្រឡង​ព្យ៉ាណូ នៅ​ប្រទេស​សឹង្ហបុរី ដែល​មាន​បក្ខជន​ចូល​រួម​មក​ពី​៦​ប្រទេស។​

ចៅ​សម្ដេច​តេជោ​មាន​ឈ្មោះ ហ៊ុន ពេជ្រ មុន្នីវរលក្ខណ៍ អាយុ​១០​ឆ្នាំ ជា​កូនស្រី​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត និង​លោក​ជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត​។ នេះ​បើ​យោង​តាម​ប្រភព​ពី​គណនី​ហ្វេសប៊ុក​របស់​លោក ផែង វណ្ណៈ បាន​បង្ហោះ​សារ​មុន​នេះ​បន្តិច​ដែរ។​

យោង​តាម​ប្រភព​ពី​ទំព័រ​ហ្វេសប៊ុក​សម្ដេច​តេជោ​បាន​ឲ្យ​ដឹង​ថា ពី​ដំបូងឡើយ​សម្ដេច​តេជោ​មិន​រំពឹង​ថា ចៅ​លោក​នឹង​បាន​ទទួល​លទ្ធផល​បាន​ចំណាត់​ថ្នាក់​ល្អ​ទេ​ព្រោះ​ចៅ​របស់​លោកដល់​ថ្ងៃ​ស្អែក​ទើប​​មាន​វ័យគ្រប់​​​១០​ឆ្នាំ។ «ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​និយាយ​ពីការ​ដែល​ចៅ​ខ្ញុំ​ទៅ​ប្រឡង​ព្យ៉ាណូ នៅ​សឹង្ហបុរី។ ខ្ញុំ​មិន​រំពឹង​ថា​ចៅ​ស្រី​ខ្ញុំ​អាច​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​នោះ​ទេ ព្រោះ​ចៅ​ទើប​មាន​វ័យ​១០​ឆ្នាំ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ស្អែក​នេះ។​»

តែ​ការ​ប្រឡង​ជាក់​ស្ដែង​ចៅ​សម្ដេច​បាន​ទទួល​មេដាយ​មាស​ក្នុង​ចំណោម​បេក្ខជន​មក​ពី៦​ប្រទេស​គឺ កម្ពុជា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ឡេស៊ី និង ចិន ដែល​ជា​លទ្ធផល​ដែល​លោក​មិន​នឹក​ស្មាន​ដល់។ «មិន​ដូច​ការ​គិត​របស់​ខ្ញុំ វរលក្ខណ៍ បាន​ទទួល​មេដាយ​មាស​ពី​ការ​ប្រឡង​នេះ ដែល​មាន​បេក្ខជន​មក​ពី​៦​ប្រទេស​គឺ កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង ចិន។ វរលក្ខណ៍ ទទួល​មេដាយ​មាស​មួយ​ក្នុង​ចំណោម​មេដាយ​មាស​ដែល​កម្ពុជា​ទទួល​បាន។​»

ជា​ចុង​ក្រោយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពជា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​គ្រូ​ដែល​បាន​ជួយ​បង្រៀន​ចៅ​ស្រី​លោកឈាន​ឡើង​ដល់​ដំណាក់​កាល​នេះ។ «ខ្ញុំ​អរគុណចំពោះ​លោកគ្រូ អ្នក​គ្រូ ដែល​ជួយ​បង្រៀន​ចៅស្រី លក្ខណ៍ ឲ្យ​ឈាន​ឡើង​ដល់​ដំណាក់កាល​នេះ។​»

ព័តមាន​បន្ថែម ហ្វេសប៊ុក​សម្ដេច​តេជោ ហ៊ុន សែន | ហ្វេសប៊ុក​លោក ផែង វណ្ណៈ