ស្រលាញ់​​ប្រពន្ធ​​គេ រៀប​ចំ​​គម្រោង​ ​សម្លាប់​​ប្ដី​គេ​បាន​​សម្រេច

បន្ទាយ​មាន​ជ័យ​ ៖ ស្មានមិនដល់យុវជន​មួយ​ក្រុមពិតជា​សាហាវ ដែល​មាន​មេ​ក្លោ​ង​ជា​គ្រូបង្រៀន​ផង​ បាន​លួច​ទាក់ទង​ស្នេហា​ជាមួយ​ស្ដ្រី​ម្នាក់ ហើយ​បាន​រៀបចំ​គម្រោង សម្លាប់​ប្ដី​របស់​នាងចោល រហូត​បាន​សម្រេច ប៉ុន្ដែ​អំពើ​ដ៏​ថោកទាប​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បើក​ការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន បក្សពួកបាន​៤​នាក់ ខណៈ​ដែល​៣​នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​។

ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​២៤ កក្កដា ២០១៧​ នេះថា មេ​ក្លោ​ង និង​បក្ខពួក​ចំនួន​៤​នាក់ ក្នុង​ចំណោម​៧​នាក់ ដែល​បាន​រៀបចំ​ផែនការ​សម្លាប់​ជន​រង​គ្រោះ នៅ​ចំណុច​ផ្លូវ​ទៅ​ចំការ​ត្របែក ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភ័​ណ្ឌ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បាន​២​ម៉ោង ខណៈ​ដែល​បក្ខពួក​៣​នាក់​ទៀត កំពុង​រត់គេច​ខ្លួន ​។

លោក​ឧត្តមសេនីយ៍​ស្នងការបាន​បញ្ជាក់​ថា មេ​ក្លោ​ង​ដែល​ជា​អ្នក​រៀបចំ​ផែនការ នៃ​ការ​សម្លាប់​ជន​រង​គ្រោះ​នេះ គឺ​បាន​ទាក់ទង​ប្រពន្ធ​ជន​រង​គ្រោះ​ ហើយ​បែកគំនិតឈាន​ទៅ​ដល់​ការ​សម្លាប់ ដោយ​ចោទ​ជន​រង​គ្រោះជា​អ្នក​ញៀន​ថ្នាំ រហូត​ហៅ​បក្ខពួក​មក​វាយ​សម្លាប់​តែ​ម្ដង​ ។ មុន​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ ជា រ័​ត្ន​ថុ​ល គឺ​ជនសង្ស័យ​បាន​រៀបចំ​ផែនការ រហូត​ទៅ​ប្រាប់​អាចារ្យ​នៅ​វត្ត​ពង្រ ដើម្បី​ឲ្យ​រៀបចំ​ដុត​ជន​រង​គ្រោះ​ជាមុន ដោយ​ប្រាប់​ថា ជា​បងប្អូន​របស់​ខ្លួន​កើត​ជំងឺ​ថ្លើម ប៉ុន្ដែ​មិន​ទាន់​បាន​ដុត​ផង​ ក៏ត្រូវ​បាន​សមត្ថកិច្ច​ចាប់​តែ​ម្ដង ​។

លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា ក្រោយ​ការ​សួរនាំ​ស្ដ្រី​ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ មិន​មានការ​ពាក់ព័ន្ធ​នោះ​ឡើយ ពោល​គម្រោង​សម្លាប់​ជន​រង​គ្រោះ​នេះ គឺជា​ផែនការ​របស់​ក្រុម​សង្ស័យ​តែ​ប៉ុណ្ណោះ ដូច្នេះ​ស្ដ្រី​រូប​នេះ​ត្រូវ​បាន​អនុញ្ញាតិ​ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។ ចំណែកឯ​ជនសង្ស័យ​ទាំង​៤​នាក់ កំពុង​ស្ថិត​ក្រោម​ការ​សួរនាំ​បន្ដ​ទៀត នៅ​ស្នងការដ្ឋាន​នគរបាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់ និង​តាម​ស្រាវជ្រាវ​បក្ខពួក​ដែល​នៅ​សេសសល់​ ៕