ទី​បំផុត​ខាង​ប្រុស ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

បាត់ដំបង ៖ យុវជន​ម្នាក់​ដែល​មាន​អាយុ​១៧​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ដោយ​យោង​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​ម្តាយ​នារី​រង​គ្រោះ ដែល​បាន​ចោទ​ប្រកាន់​ពី​បទ​រួម​ភេទ​ជា​មួយ​អនីតិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ រហូត​ធ្វើ​អោយ​នារី​វ័យ​ក្មេង​រូប​នោះ​ពរ​ពោះ​ចំនួន​៥​ខែ ទាំង​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​នៅ​ឡើយ ។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ ឈឿន សុគន្ធ អាយុ៤៧ឆ្នាំ ត្រូវ​ជា​ម្តាយ​នារី​រង​គ្រោះ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​កូន​ក្មួយ​របស់​គាត់​ឈ្មោះ ទៀង ផល្លា ភេទស្រី អាយុ​២៦​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​បញ្ញា ឃុំ​កំពង់​ព្រះ ស្រុកសង្កែ ជា​មួយ​នឹង​រូប​គាត់​ដែរ បាន​មក​ប្រាប់​គាត់​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ អ ស គ អាយុ​១៤​ឆ្នាំ​ដែល​កំពុង​រៀន​នៅ​ក្នុង​អនុ​វិទ្យាល័យ​កំពង់​ព្រះ គឺ​មាន​ផ្ទៃ​ពោះ​៥​ខែ​ហើយ ដំណឹង​នេះ​បាន​ធ្វើ​អោយ ស្ត្រី​ជា​ម្តាយ​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង ក៏​សម្រេច​ទៅ​តាម​កូន​ស្រី ដែល​កំពុង​នៅ​ក្នុង​ថ្នាក់​រៀន​អោយ​ចេញ​មក​ផ្ទះ​ដើម្បី​សាក​សួរ នៅ​ពេល​នោះ​ដែរ កូន​ស្រី​ក៏​បាន​ឆ្លើយ​សារ​ភាព​ថា ពិត​ជា​បាន​ខ្លួន​ជា​មួយ​នឹង​ឈ្មោះ សាន វិនហាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា​មែន ដោយ​គេ​បាន​បបួល​ទៅ​ដេក​នៅ​ក្នុង​ផ្ទះ​របស់​គេ​កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៧ កន្លង​មក ។

បន្ទាប់​មក​ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​កូន​ស្រី​ដែល​នាង​នៅ​ក្មេង​ហើយ​មាន​ផ្ទៃ​ពោះ ទើប​ជួប​ជុំ​បង​ប្អូន ដើម្បី​ពិភាក្សា​ក្នុង​ការ​សម្រេ​ច​យក​កូន​ចេញ​ពី​ក្នុង​ផ្ទៃ គឺ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ម្តាយ​ក៏​បាន​នាំ​កូន​ស្រី​ទៅ​ជួប​នឹង​គ្រូពេទ្យ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ខាង​ជើង លោក​តា​ដំបង​គ្រញូង ប៉ុន្តែ​នៅ​ទី​នោះ​គ្រូពេទ្យ​មិន​ហ៊ាន​យក​ចេញ​ទេ ដោយ​សារ​តែ​ម្តាយ​នៅ​ក្មេង​ពេក ឯ​ទារក​មាន​អាយុ​រហូត​ដល់​៥​ខែ ។

នៅ​ពេល​នោះ​ដែរ​ម្តាយ​នារី​រងគ្រោះ​ក៏​បាន​លេច​ឮ​ព័ត៌​មាន​មួយ​ថា មាន​ពេទ្យ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ខាង​ជើង​វត្ត​លៀប គឺ​គេ​អាច​យក​កូន​ចេញ​បាន​ទោះ​បី​កូន​នេះ​មាន​អាយុ​ច្រើន​ខែ​ក៏​ ដោយ​​ទី​តាំង​នោះ​មា​ន​យី​ហោ ជិម សាវង្ស លុះ​ពេល​ទៅ​ដល់​គ្រូពេទ្យ ក៏​បាន​អះ​អាង​ថា អាច​យក​ចេញ​បាន​តែ​ត្រូវ​បង់​ថ្លៃ​សេវា​ចំនួន ៤០០​ដុល្លារ នៅ​ទី​បំផុត​ការ​ពន្លូត​ក៏​ធ្វើ​បាន​សម្រេច ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កក្កដា នេះ ស្ត្រី​ជា​ម្តាយ​ក៏​បាន មក​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការ​ដ្ឋាន នគរបាល​ស្រុក​សង្កែ ហើយ​ក៏​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ សាន វិនហាយ នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី ល្ងាច​ថ្ងៃ​ដដែល ដើម្បី​សាក​សួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​សង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​ស្រលាញ់​គ្នា អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ គឺ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​យប់ ពួក​គេ​បាន​នាំ​គ្នា​ទៅ​លេង​បុណ្យ​ក្នុង​វត្ត​កំពង់​ព្រះ ហើយ​ខ្លួន​ក៏​បបួល​នាង​ទៅ​រួម​ភេទ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​បាន​ម្តង ក៏​អោយ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លុះ​នៅ​ថ្ងៃ​ស្អែក​ឡើង គឺ​ថ្ងៃ​ទី​១៦ ខែ​កក្កដា វេលា​ម៉ោង​៧​យប់ ខ្លួន​ក៏​បបួល​នាង​ទៅ​ដេក​ជា​មួយ​ម្តង​ទៀត​នៅ​កន្លែង​ដដែល ដោយ​មិន​បាន​ដឹង​ថា​ការ​រួ​ម​ភេទ​ចំនួន​ពីរ​ដង​នេះ មាន​ផ្ទៃ​ពោះ​ទាល់​តែ​សោះ គឺ​នៅ​ទី​បំផុត​ខ្លួន​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​តែ​ម្តង តាម​បញ្ជា​របស់​លោក នួន សាន ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត ចំណែក​គ្រូ​ពេទ្យ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលូត​កូន​នោះ​គេ​មិន​ទាន់​ដឹង​ថា ច្បាប់​មាន​វិធាន​ការ​បែប​ណា​នោះ​ឡើយ ៕