ស្ត្រី​អ្នក​មើល​ថែ​ក្មេង​ម្នាក់ ពាក់​ព័ន្ធ​ករណី ប្រើ​ហិង្សា​លើ​កុមារ តុលា​ការ​​សម្រេច​ឃុំ​ខ្លួន

ភ្នំពេញ៖ យោង​តាម​ប្រភព​ពី លោក​ស្រី កែវ សុគន្ធា តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា លោក​ស្រី បាន​ចោទ​ប្រកាន់ ឈ្មោះ តូ ចាន់ណា​ ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ពី​បទ បង្ក​របួស​ដោយ​អចេតនា ប្រព្រឹត្ត​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០​១៧​ នៅ​ចំណុច​​ភូមិ​​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ យោង​តាម​មាត្រា ២៣៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

លោក​ស្រី​បន្ត​ថា សំណុំ​រឿង​នេះ លោក សាយ សារុន ​​ចៅ​ក្រម​​ស៊ើប​សួរ ​នៃ​សាលា​​ដំបូង​រាជ​ធានី​​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៧​ម្សិល​មិញ បាន​ចេញ​ដីកា សម្រេច​ឃុំ​​ខ្លួន​​ដាក់​​ពន្ធ​នាគារ​​បណ្តោះ​អាសន្ន​​ហើយ ។

គួរ​រំលឹក​ថា សមត្ថកិច្ច​នគរបាល​​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ បាន​​ឃាត់​​ខ្លួន​​ជន​​ជាប់​​ចោទ​​ខាង​​លើ​​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧ ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​៕