ចង់ល្បី! សរសេរ​ព័ត៌មានថា ​យន្តហោះ​ធ្លាក់​នៅ​សៀមរាប ឃាត់ខ្លួន​១​យប់ ព្រឹក​ដោះ​លែង

លោក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ថ្លែងប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០១៧ នេះ​ថា ករណី​យុវជន​ដែល​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ ក្នុង​ហ្វេ​ស​ប៊ុ​ក​ហើយ​អះអាង​ថា កើនឡើង​នៅ​ខេត្តសៀមរាប​នោះ នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​រូបគេ​បាន​ទទួលស្គាល់​កំហុស និង​មិន​មាន​ចេតនា​បង្ក​ភាព​ចលាចល ក្នុង​សង្គម​ឡើយ គ្រាន់តែ​ធ្វេសប្រហែស​មួយ​ពេល និង​ដោយ​មានការ​ធានា ពី​ឪពុក​ម្តាយ​របស់​គេ ផង​ដែរ ។

លោកស្នងការ​បាន​បញ្ជាក់​ទៀត​ថា ចំណែក​ស្ត្រី​វ័យក្មេង​ដែល ជា​អ្នកបំរើ​ការ​លើ​យន្តហោះ ជាមួយ​គ្នា​នឹង​យុវជន​ខាងលើ ត្រូវ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ដោយ​គ្រាន់តែ ឃាត់ខ្លួន​មក​សួរនាំ​តែ​មួយ​ភ្លេ​ត​ប៉ុណ្ណោះ ព្រោះ​ស្ត្រី​វ័យក្មេង​រូប​នោះ មិន​បាន​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ​នោះ​ទេ ដោយ​គ្រាន់តែ share រូបភាព​បន្ត​ពី ហ្វេ​ស​ប៊ុ​ក ដើម​របស់​ប្រទេស​គេ​ប៉ុណ្ណោះ មិន​ដូច​យុវជន​ខាងលើ យក​រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក ស្ត្រី​ជា​អ្នកបម្រើ​ការងារ​ជាមួយ​គ្នា មក​បង្ហោះ​លើ គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ហើយ​សរសេរ​កាឡៃ​ព័ត៌មាន​ថា មាន​ធ្លាក់​យន្តហោះ​នៅ​ខេត្តសៀមរាប ។

លោកស្នងការ​បញ្ជាក់​ថា «​នៅ​ព្រឹក​នេះ យុវជន​ដែល​បង្ហោះ​រូបភាព​ធ្លាក់​យន្តហោះ នឹង​ត្រូវ​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​រូបគេ​បាន​សារភាព​កំហុស និង​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ចលាចល​ដល់​សង្គម​ឡើយ រូបគេ​គ្រាន់តែ​បង្ហោះ​រូប​លេង​ប៉ុណ្ណោះ ប៉ុន្តែ​មិន​នឹក​ស្មានថា កើតការ​ភ្ញាក់ផ្អើល​យ៉ាង​ដូច្នេះ​ឡើយ ហើយ​ឪពុក​ម្តាយ​របស់​រូបគេ ក៏​ធ្វើការ​ធានា​ចំពោះ​មុខ​សមត្ថកិច្ច​ដែរ​» ​។

សូម​រំលឹក​ថា នៅ​ថ្ងៃ​ទី​២២ កក្កដា​ម្សិលមិញ​នេះ ពុំ​មាន​ករណី​យន្តហោះ​ធ្លាក់​នៅ​ក្នុង​ខេត្តសៀមរាប​នោះ​ទេ ហើយ​ការ​បង្ហោះ​រូបភាព​នៅ​ឡើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា មាន​ករណី​ធ្លាក់​យន្តហោះ​នោះ ជា​ការ​បំប៉ោង​ព័ត៌មាន បង្ក​ភាព​ចលាចល​តែ​ប៉ុណ្ណោះ ។

បើ​តាម​លោកស្នងការ​ខេត្តសៀមរាប​ដែល​ទើប​ចូល​កាន់​តំណែង​កាលពី​ពេល​ថ្មី​នេះ​ៗ បាន​ឲ្យ​ដឹង​ថា ជន​ដែល​បង្ហោះ​ព័ត៌មាន​ថា មាន​ករណី​យន្តហោះ​ធ្លាក់​នៅ​ក្នុង​ខេត្តសៀមរាប​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ម្នាក់ និង​ស្ត្រី​វ័យក្មេង​ម្នាក់ យក​មក​សួរនាំ នៅ​ស្នងការ​នគរបាល​ខេត្ត ។

ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ថា​ឈ្មោះ ផាវ សុ​ជុំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបំរើ​លើ​យន្តហោះ (​អូ​តេស​) របស់​ក្រុមហ៊ុន​ស្កា​យ​អង្គរ​អ៊ែ​រឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប និង​ឈ្មោះ ពន្លឺ លា​ភា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបំរើ​លើ​យន្តហោះ (​អូ​តេស​) ក្រុមហ៊ុន​ស្កា​យ​អង្គរ​អ៊ែ​រឡាញ ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

គួរ​បញ្ជាក់​ថា ហេតុការណ៍​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ថា​មាន​ករណី​យន្តហោះ​ធ្លាក់​នៅ​ខេត្តសៀមរាប បន្ទាប់​ពី​ពេល​យុវជន​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​និង​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Aircraft come to completely stop and safe landed at siem reap» ដែល​នាំ​ឲ្យ​មានការ​បំពុល នូវ​ព័ត៌មាន​មិន​ពិត​នេះ ។

ឆ្លើយ​បត​នឹង​ព័ត៌មាន​ដែល​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល និង​យល់​ច្រឡំ​ថា មាន​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ នៅ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​សៅរ៍​ដដែល​នេះ មន្ត្រីជាន់ខ្ពស់​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា បាន​ចេញ​មក​ទាត់​ចោល​នូវ​ព័ត៌មាន​មិន​ពិត​នេះ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​យល់​ច្រឡំ គឺ​គ្មាន​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ដូច​ការ​លើក​ឡើង​ក្នុង Facebook ឡើយ ៕