ក្មេង​ស្រី​សិស្ស​សាលា​អាយុ​៨​ឆ្នាំ ត្រូវ​​ជន​សង្ស័យ​​​ចាប់​ជំរិត​នៅ​ខេត្ត​កង់ស្ពឺ

(កំពង់ស្ពឺ)៖ ករណី​ក្មេង​ស្រី​សិស្ស​សាលា​បឋមសិក្សា​អង្គ​លំ​ទង ស្ថិត​នៅ​ភូមិ​ព្រែតា​មួច ឃុំ​ស្នំ​ក្រពើ ស្រុក​គង​ពិសី ខេត្ដ​កំពង់​ស្ពឺ ដែល​ត្រូវ​បាន​ស្ដ្រី​ម្នាក់ ចាប់​ខ្លួន​ទៅ​បាត់​ហើយ ជំរិត​ទារប្រា​ក់​ពី​ឪពុក​ម្ដាយ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧​ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ ត្រូវ​បាន​កម្លាំង​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃ​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ សហការ​ជា​មួយ​កម្លាំង​នគរ​បាល​នាយក​ដ្ឋាន​កណ្តាល​សន្តិ​សុខ កម្លាំង​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​កំពង់​ឆ្នាំង បើក​ការ​ស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ហើយ​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​បាន​ហើយ នៅ​ទី​រួម​ខេត្ត​កំព​ង់ឆ្នាំង ។

មន្ដ្រី​នគរបាល​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ ក្រសួង​មហា​ផ្ទៃ បាន​ប្រាប់ភ្នាក់ងារ ដំណឹងយបមិញ​ថា ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ទៅ​បើក​លុយ ដែល​ជំរិត​ពី​ឪពុក​ម្ដាយ​ក្មេង​ស្រី​រងគ្រោះ​ចំនួន​៤,០០០​ដុល្លារ នៅ​ទី​ភ្នាក់​ងារ​វីង​មួយ​កន្លែង ស្ថិត​នៅ​ម្ដុំ​ផ្សារ​លើ ទី​រួម​ខេត្ត​កំពង់​ឆ្នាំង ។

បើ​តាម​សមត្ថកិច្ច​ជន​សង្ស័យ​ឈ្មោះ ហេង សុខ​លី អាយុ​៣៨​ឆ្នាំ រស់​នៅ​ភូមិ​កន្ទោក ខណ្ឌ​ពោធិ៍​សែនជ័យ ដែល​ស្ដ្រី​រូប​នេះ បាន​ចាប់​ក្មេង​ស្រី​រង​គ្រោះ ឈ្មោះ ម៉ុក ចាន់រស្មី អាយុ​៨​ឆ្នាំ ហើយ​ជំរិត​ទារ​ប្រាក់​ពី​ឪពុក​ម្ដាយ​ក្មេង​ស្រី ចំនួន​៤,០០០​ដុល្លារ ។

នៅ​ពេល​នេះ​ស្ដ្រី​សង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន យក​ទៅ​សួរ​នាំ​នៅ​នាយក​ដ្ឋាន ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ។ ដោយ​ឡែក​ក្មេង​ស្រី​រងគ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​មក​ទទួល​យក​ផង​ដែរ ៕