បងប្អូន​ទាំង​អស់​គ្នា​ករណី​យន្ត​ហោះ​ធ្លាក់​នៅ​សៀម​រាប ពុំ​មាន​ពិត​ប្រាក​ដទេ

ស្នង​ការ​​នគរបាល​​ខេត្ត​សៀមរាប​​លោក ទិ​ត្យ ណា​រ៉ុ​ង បាន​​និយាយ​​ប្រាប់​​ប្រ​ព័​ន្ឋ​​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​​នៅ​​យប់​​ថ្ងៃ​​ទី​​២២ កក្កដា​​នេះ ​ដោយ​បញ្ជាក់​​ថា ពុំ​​មាន​​ករណី​​យន្ត​ហោះ​​ធ្លាក់​​នៅ​​ក្នុង​ខេត្ត​សៀម​រាប​​នោះ​​ទេ ហើយ​ថា​ការ​បង្ហោះ​រូបភាព​នៅ​ឡើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​មាន​ករណី​ធ្លាក់​យន្តហោះ​នោះ ជា​ការ​បំប៉ោង​ព័ត៌មាន បង្ក​ភាព​ចលាចល​តែ​ប៉ុណ្ណោះ​។

បើ​តាម​លោកស្នងការ​ខេត្តសៀមរាប​ដែល​ទើប​ចូល​កាន់​តំណែង​កាលពី​ពេល​ថ្មី​នេះ​ៗ បាន​ឲ្យ​ដឹង​ថា ជន​ដែល​បង្ហោះ​ព័ត៌មាន​ថា​មាន​ករណី​យន្តហោះ​ធ្លាក់​នៅ​ក្នុង​ខេត្តសៀមរាប​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យុវជន​ម្នាក់​និង​ស្ត្រី​វ័យក្មេង​ម្នាក់ យក​មក​សួរនាំ នៅ​ស្នងការ​នគរបាល​ខេត្ត​។

ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ថា​ឈ្មោះ ផាវ សុ​ជុំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបំរើ​លើ​យន្តហោះ (​អូ​តេស​) របស់​ក្រុមហ៊ុន​ស្កា​យ​អង្គរ​អ៊ែ​រឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប និង​ឈ្មោះ ពន្លឺ លា​ភា ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកបំរើ​លើ​យន្តហោះ (​អូ​តេស​) ក្រុមហ៊ុន​ស្កា​យ​អង្គរ​អ៊ែ​រឡាញ ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

គួរ​បញ្ជាក់​ថា ហេតុការណ៍​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ថា​មាន​ករណី​យន្តហោះ​ធ្លាក់​នៅ​ខេត្តសៀមរាប បន្ទាប់​ពី​ពេល​យុវជន​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​និង​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Aircraft come to completely stop and safe landed at siem reap» ដែល​នាំ​ឲ្យ​មានការ​បំពុល នូវ​ព័ត៌មាន​មិន​ពិត​នេះ​។

ឆ្លើយ​បត​នឹង​ព័ត៌មាន​ដែល​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល និង​យល់​ច្រឡំ​ថា មាន​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ នៅ​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​សៅរ៍​ដដែល​នេះ មន្ត្រីជាន់ខ្ពស់​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា បាន​ចេញ​មក​ទាត់​ចោល​នូវ​ព័ត៌មាន​មិន​ពិត​នេះ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​យល់​ច្រឡំ គឺ​គ្មាន​ករណី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ ដូច​ការ​លើក​ឡើង​ក្នុង Facebook ឡើយ​៕