បញ្ហារថយន្តតាក់ស៊ីចាប់ម៉ូយ និង​ការ​ដាក់​លក់​ដូរ​បំពាន​ចំណី​ផ្លូវ​យ៉ាង​អាណា​ធិបតេយ្យ

រាជធានីភ្នំពេញ : បញ្ហា​អ្នក​រត់​រថយន្ត​តាក់​ស៊ី​រត់​ចាប់​ម៉ូយ ពាស​ពេញ​ផ្លូវ​ក្បែរ​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស​ត្រើយ​ខាង​កើត និង​ការ​ដាក់​លក់​ដូរ​បំពាន​ចំណី​ផ្លូវ​យ៉ាង​អាណាធិបតេយ្យ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ដែល​រុំា​រ៉ៃ ក្នុង​ក្រសែ​ភ្នែក​ប្រជា​ទូទៅ​មក​ជា​យ៉ូរ​ហើយ​នោះ ពេល​នេះ ជម្ងឺ​រុំា​រ៉ៃ​ទាំង​នេះ នឹង​ត្រូវ​បញ្ចប់​អោយ​បាន​១០០​ភាគ​រយ គិត​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ​ត​ទៅ ។

ការ​ប្រកាស​ជា​សាធារណះ​ថា នឹង​បញ្ចប់​បញ្ហា​រុំា​រ៉ៃ​នេះ ថ្លែង​ឡើង​ពី​សំណាក់​អាជ្ញា​ធរ​ខណ្ឌ​ច្បារ​អំពៅ កំឡុង​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់ និង​សម្អាត​អនាម័យ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ដែល​ដឹក​នាំ​កម្លាំង​ដោយ​លោក រស់ សុភ័ក្ត្រ អភិបាល​រង​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់ និង​មាន​ការ​សហការ​ចូល​រួម​ពី​កម្លាំង​នគរបាល​សណ្តា​ប់​ធ្នាប់​ខណ្ឌ​ជា​ច្រើន​នាក់​ផងដែរ ។

លោក​រស់ សុភ័ក្ត្រ អភិបាល​រង​ខណ្ឌ​ច្បារ​អំពៅ បាន​បញ្ជាក់​អោយ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​ខណ្ឌ បាន​ចេញ​នូវ​សេចក្តី​ណែ​នាំ​ជា​ច្រើន​លើក​ច្រើន​សារ​ជម្រាប​ដល់​បង​ប្អូន​ដែល​ជា​អាជីវ​ករ​ប្រក​ប​របរ​លក់​ដូរ​នៅ​ប្រប​សង​ខាង​ផ្លូវ​ជាតិ​លេខ​១ ស្តី​ពី​ការ​មិន​អនុ​ញ្ញាត្តិ​អោយ​បង​ប្អូន​យក​ចំណី​ផ្លូវ​សាធារណះ​ជា​កន្លែង​ប្រកប​អាជីវ​កម្ម ប៉ុន្តែ បង​ប្អូន​មិន​ដែល​ស្តាប់ និង​មិន​គោរព​ទៅ​តាម​ការ​ណែ​នាំ​របស់​អាជ្ញាធរ​ឡើយ មាន​តែ​បន្ត​ដាក់​លក់​ដូរ​លើ​ចំណី​ផ្លូវ​សាធារណះ​ជា​យ៉ាង​អាណា​ធិបតេយ្យ​ទៅ​វិញ ។

លោក អភិបាល រង បាន​មាន​ប្រសាសន៍​សង្កត់​ធ្ងន់​ៗ​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ខណ្ឌ​នឹង​ចាត់​វិធាន​ការ​ក្តៅ លើ​ម្ចាស់​អាជីវ​កម្ម ឬ​ក្រុម​អាជីវ​ករ​ដែល​នៅ​តែ​បន្ត​ដាក់​លក់​ដូរ​បំពាន​នូវ​បំរាម​ហាម​ឃាត់​របស់​អាជ្ញា​ធរ ជា​កំហិត ។ ដោយ​ក្នុង​នោះ​អាជ្ញាធរ​នឹង​ចាប់​ដក​យក​សម្ភារះ និង​អីវ៉ាន់​លក់​ដូរ​របស់​បង​ប្អូន​មក​រក្សា​ទុក​ចោល​រយៈ​ពេល​យូរ នៅ​សាលា​ខណ្ឌ ដើម្បី​ជា​ធរណី​មាន ប៉ុន្តែ​បើ​បង​ប្អូន​នៅ​តែ​ផ្កើន​នឹង​បម្រាម​ហាម​ឃាត់​នោះ សាលា​ខណ្ឌ​នឹង​ដក​ហូត​អីវ៉ាន់​មក​រក្សា​ទុក ហើយ​ធ្វើ​ការពិន័យ​ជា​ប្រាក់ និង​អាច​ឈាន​ដល់​ដំណាក់​កាល​ចាប់​យក​មក​ទុក​ហើយ​មិន​ធ្វើ​ការ​ប្រគល់​ជូន​វិញ​តែ​ម្តង ប្រសិន​បើ​បង​ប្អូន បន្ត​ធ្វើ​ផ្ទុយ​ពី​ការ​ណែ​នាំ ។

ក្នុង​នាម​អាជ្ញាធរ​ខណ្ឌ លោក​រស់ សុភ័ក្ត្រ ក៏​សុំ​ធ្វើ​ការ​ស្នើរ​ដល់​បង​ប្អូន​ដែល​ជា​អ្នក​រត់​តាក់​ស៊ី និង​អាជីវ​ករ​ទាំង​អស់ អោយ​មាន​ការ​យោគ​យល់ និង​មេត្តា​ចូល​រួម​សហការ​ជា​មួយ​កម្លាំង​អាជ្ញា​ធរ​គ្រប់​សកម្ម​ភាព​ផ្សេង​ៗ ក្នុង​ការ​រៀប​ចំ​សណ្តាប់​ធ្នាប់​អោយ​ខ្ជាប់​ខ្ជួន​ល្អ ដើម្បី​រៀប​ចំនូវ​សោភ័ណ្ឌ​ភាព​ដង​ផ្លូវ​សាធារណៈ ពិសេស​ភាព​ល្អ​ប្រសើរ​ក្នុង​រាជធានីភ្នំពេញ​ទាំង​មូល ផង​ដែរ ៕