ស្រវឹង​បើក​រថយន្ត​​បុក​គេ​ហើយ​រត់ មក​បុក​រថយន្ត​២​គ្រឿង​ទៀត

ភ្នំពេញ៖ នារី​ម្នាក់​ស្រវឹង​ស្រា​ជា​ខ្លាំង បាន​បើក​រថយន្ត​កូរ៉ូ​ឡា​ទៅ​បុក​រថយន្ត​២​គ្រឿង​ដែល​កំពុង​បើក​បញ្ច្រាស​គ្នា​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​៣​គ្រឿង​យ៉ាង​ដំណំ ខណៈ​ពេល​ដែរ​នារី​រូប​នោះ​បើក​រថយន្ត​បុក​គេ​រត់ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ143 កែង​និង​​ផ្លូវ​២៧៨ ស្ថិត​ក្នុង​សង្កាត់​អូឡាំពិច ខណ្ឌ​ចំការ​មន ។

តាម​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​សង្កេត​ឃើញ​រថយន្ត​កាម​រី​ហាយ​ព្រីក ស៊េរី​ថ្មី ពណ៌​ស មិន​ពាក់​ស្លាក​លេខ​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​143 ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​ល្មម និង​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក SONATA ពណ៌​ទឹក​ប្រាក់​ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF – 4787 បើក​បរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ទិស​ដៅ​បញ្ច្រាស​ជា​មួយ​រថយន្ត​កាម​រី​ហាយ​ព្រីក ខណៈ​ពេល​នោះ​ក៏​ស្រាប់​តែ​មាន​រថយន្ត​បង្ក​ម៉ាក តូយ៉ូតា កូ​រ៉ូ​ឡា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AP​-0566 ដែល​បើក​ដោយ​នារី​ម្នាក់​ស្រវឹង​ស្រា ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧៨ ទិស​ដៅ​ពី​កើត​ទៅ​លិច (កែងគ្នា)​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មក​បុក​រថយន្ត​SONATA និង​រថយន្ត​កាម​រីហាយ​ព្រីក​ចំ​ពី​ច​ហៀង​ពេញ​ទំហឹង លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យរ​ងការ​ខូច​ខាត​ទាំង​៣​គ្រឿង​យ៉ាង​ដំណំ តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះ​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ។

បើ​យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ជុំ​វិញ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នារី​ម្នាក់​ដែល​ស្រវឹង​ស្រា​បើក​រថយន្ត​បង្ក​ម៉ាក​កូរ៉ូ​ឡា​នោះ បាន​បើក​បុក​រថយន្ត​គេ​នៅ​ស្ទុប​ពេទ្យ​ចិន ហើយ​ក៏​បើក​រត់​ទាំង​សភាព​ស្រវឹង​យ៉ាង​លឿន មក​បុក​រថយន្ត​២​គ្រឿង​ខាង​លើ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​តែ​ម្ដង ។

ក្រោយ​​ពេល​កើត​ហេតុ នារី​ម្នាក់​ដែល​បើក​រថយន្ត​បង្ក បាន​ចុះ​ពី​លើ​រថយន្ត​ហើយ​ព្យាយាម​គេច​ខ្លួន តែ​ត្រូវបា​ន​ប្រជា​ពលរដ្ឋ​ជួយ​ឃាត់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​អូឡាំ​ពិច ។ បន្ទាប់​មក​សមត្ថកិច្ច​មូល​ដ្ឋាន​ដែល​ទទួល​ផ្នែក​ជំនាញ​ចរាចរណ៍ បាន​ធ្វើការ​វាស់​វែង​យក​រក​រថយន្ត​បង្ក​និង​រថយន្ត​រង​គ្រោះ ទាំង​៣​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕