ទៅដេញជ្រូកព្រៃ ត្រូវ​ជ្រូក​ខ្វេះ​វិញ​ធ្លាយ​ពោះ​របួសធ្ងន់

ពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បន្ទាប់​ពី​ត្រូវ​ជ្រូកព្រៃ​ខ្វេះ ក្រោយ​ពី​ប្រយុទ្ធ​ចាញ់​សត្វ​ជ្រូកព្រៃ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ២០១៧ នៅ​ចំណុច​ខ្នង​ស្រល់ ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​រកា ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ បុរស​រង​គ្រោះ​មានឈ្មោះ សៀន សឿ​ម អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ទៅ​មើល​ចម្ការ​របស់​ខ្លួន ដែល​មាន​ចម្ងាយ​ពី​ភូមិ​ប្រហែលជិត៥​គីឡូម៉ែត្រ ស្រាប់តែ​ប្រទះ​ឃើញ​ជ្រូកព្រៃ​១​ក្បាល ខ្លួន​មាន​បំណង​ដេញ​វាយប្រហារ​ជ្រូក​១​ក្បាល​នោះ ក៏​ត្រូវ​ជ្រូក​បែរមក​ដេញ​ខ្វេះ​វិញ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង គឺ​ធ្លាយ​ត្រង់​ពោះ និង​ជើង​ខាងស្ដាំ ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​អាយុជីវិត​ភ្លាម​ៗ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ បន្ទាប់​ពី​ចាញ់​ការ​ប្រយុទ្ធ​ជាមួយ​សត្វ​ជ្រូកព្រៃ ​៕