ចូល​ម៉ាត​មួយ​ភ្លែត ចោរ​កាច់.​ក​ម៉ូតូ​យក​ទៅ​បាត់ (មាន​វីដេអូ)

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច ម៉ាត​ភូមិ ឬស្សី​ជាប់ ផ្លូវ​ព្រះ​មុន្នី​រ៉េត ស្ថិត​ក្នុង​ភូមិ​ឬស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​មក​ពី​ធ្វើ​ការ ហើយ​ចូល​អង្គុយ​ញ៉ាំ​អី​ក្នុង​ម៉ាត (Mart) តេលា​មួយ​ភ្លែត ខណៈ​ពេល​ចេញ​មក​វិញ ស្រាប់​តែ​មិន​ឃើញ​ម៉ូតូ ក៏​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តែម្ដង។

បុរស​រង​គ្រោះ បាន​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម ស៊េរី​២០​១៣ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មក​ពី​ធ្វើការ ហើយ​បាន​ជិះ​ម៉ូតូ​មក​រក​ញ៉ាំ​អី​ក្នុង ម៉ាត ភូមិ​ឬស្សី ខណៈ​ពេល​ទិញ​អី​រួច​និង​អង្គុយ​ញ៉ាំ​មួយ​សន្ទុះ ក៏​ក្រឡេក​មើល​ម៉ូតូ​ស្រាប់​តែ​បាត់​ម៉ូតូ​ឈឹង ហើយ​រូប​គាត់​ក៏​ឆ្លេឆ្លា​រក​មើល​និង​ឲ្យ​អ្នក​គ្រប់​គ្រង​ម៉ាត​ជួយ​បើក​មើល​កាមេរ៉ា​សុវត្ថិភាព ក៏​ឃើញ​មាន​ជន​សង្ស័យ​ម្នាក់​បាន​ដើរ​មក​កាច់.ក​ម៉ូតូ​ហើយ​ជិះ​ចេញ​ទៅ​បាត់​ស្រមោល ដោយ​មិន​រំខាន​ដល់​នរណា​ម្នាក់​ឡើយ។

ក្រោយ​ពេល​កើត​ហេតុ​បុរស​រងគ្រោះ​ខាង​លើ​បាន​ខល​ហៅ​បង​ប្អូន​ឲ្យ​យក​កាត​គ្រី​ម៉ូតូ​និង​ជូន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មានជ័យ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែង​រកមុខ​សញ្ញា​តាម​ចាប់​ជន​សង្ស័យ​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់៕

សូម​ទស្សនា​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព