ហាង​ម៉ាស្សា កោស​ជប់ បង្កប់​សេវា​រួម​ភេទ ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប

ភ្នំពេញ៖ នៅ​​រសៀល​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧ នេះ កម្លាំង​សមត្ថកិច្ច​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន នៃ​ក្រសួង​មហា​ផ្ទៃ សហការ​ជា​មួយ អង្គ​ការ មេត្រី​ភាព អន្តរ​ជាតិ​ក្រោម​ការ​សម្រប​សម្រួល ដោយ​លោក គង់ សំ​សា​រ៉េត ព្រះ​រាជ​អាជ្ញា​រង អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទី​តាំង ហាង​ម៉ាស្សា កោស​ជប់ យី​ហោ ៦៦៦៦ មួយ​កន្លែង​ដែល​សង្ស័យ​ថា បាន​បង្កប់​សេវា​បម្រើ​ផ្លូវ​ភេទ​ខុស​ច្បាប់ មាន​ទី​តាំង​នៅ​ទល់​មុខ​សណ្ឋា​គារ​ស្រែ​លាភ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

យោង​តាម​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិ​ការ​នេះ ឃាត់​ខ្លួន ជន​សង្ស័យ​ជា​ម្ចាស់​ហាង និង​មេកា​បាន​ចំនួន ៣​នាក់ (ស្រី​ម្នាក់) និង​ជួយ​សង្គ្រោះ​បាន​ស្ត្រី​ជន​រងគ្រោះ ចំនួន ៩​នាក់ (អនីតិ​ជន​ម្នាក់)។ សមត្ថកិច្ច​ក៏​បាន​ដក​ហូត ស្រោម​អនាម័យ​ប្រើ​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ធំ និង​ម៉ូតូ ចំនួន ០៣​គ្រឿង ផង​ដែរ ។

ក្រោយ​ប្រតិបត្ត​ការ ទី​តាំង​ហាង​ម៉ាស្សា​ត្រូវ​បាន​ព្រះ​រាជ​អាជ្ញា​រង សម្រេច​បិទ​ទ្វា​សិន ចំណែក ជន​សង្ស័យ និង​ជន​រងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិ​ជន នៃ​ក្រសួង​មហា​ផ្ទៃ ដើម្បី​សាក​សួរ និង​កសាង​សំណុំ​រឿង​ចាត់​ការ​បន្ត​តាម​នីតិ​វិធី ៕

សូមទស្សនាវីដេអូ