ត្រឹម​ថ្ងៃ​ប្រកាស​សាល​ក្រម រឿង​ពុក​រលួយ តុលា​ការ​សម្រេច​ដោះ​លែង​អតីត​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​នាក់

ភ្នំពេញ៖ ដូច​ជា​ការ​គ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ​លោក រស់ ពិសិដ្ឋ ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស ឱ្យ​មាន​សេរី​ភាព​ត្រឹម​ថ្ងៃ​ប្រកាស​សាល​ក្រម​នេះ​តែ​ម្តង។

សាល​ក្រម​របស់​លោក រស់ ពិសិដ្ឋ បាន​សម្រេច​ដាក់​ពន្ធនា​គារ ជន​ជាប់​ចោទ​ទី​១​ឈ្មោះ រ័ត្ន បូរី ភេទប្រុស អាយុ ៣៤ឆ្នាំ ជា​អតីត ប្រធាន​ការិយាល័យ​វិនិយោគ​នៃ​សាលា​រាជធានី​ភ្នំពេញ និង​ទី​២​ឈ្មោះ ម៉ៃ វណ្ណារុំ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ អតីត បុគ្គលិក​ការិយា​ល័យ​វិនិយោគ​នៃ​សាលា​រាជធានី​ភ្នំពេញ កំណត់​រយៈ​ពេល ២​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ឃុំ​ខ្លួន ប៉ុន្តែ​ត្រូវ​អនុវត្ត​ទោស​ក្នុង​ពន្ធ​នាគារ​ត្រឹម​ថ្ងៃ​ប្រកាស​សាល​ក្រម​នេះ ទោស​នៅ​សល់​ត្រូវ​ព្យួរ​ធម្មតា និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន ៤​លាន​រៀល ចូល​ជា​ថវិកា​រដ្ឋ​ពី​​បទ វីតិ​ក្រម ប្រព្រឹត្ត​នៅ​រាជ​ធានី​ភ្នំពេញ អំឡុង​ខែ​សីហា ឆ្នាំ​២០១៥ យោង​តាម​មាត្រា ៥៩២ មាត្រា ៥៩៣ និង​មាត្រា ១០៧​នៃ ក្រម​ព្រហ្ម​ទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី ការ​ប្រឆាំង​អំពើ​ពុក​រលួយ ។

នៅ​ក្នុង​សវនាការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​ជន​ជាប់​ចោទ​ឈ្មោះ រ័ត្ន បូរី បាន​ឆ្លើយ​ថា នៅ​អំឡុង​ខែ​សីហា ឆ្នាំ​២០១៥ មាន​តំណាង​ក្រុម​ហ៊ុន ​រ៉ាយ​ធិច មក​ទំនាក់​ទំនង​ការិយាល័យ​ផែន​ការ​វិនិយោគ ដើម្បី​សុំ​ចុះ​បញ្ជី បើក​ក្រុម​ហ៊ុន ។ នៅ​ពេល​នោះ​លោក​បាន​ប្រាប់​ឱ្យ​ក្រុម​ហ៊ុន​ថា ត្រូវ​ចំណាយ​ប្រាក់​ចំនួន ២១​លាន​រៀល ដើម្បី​បង់​ពន្ធ​ចុះ​បញ្ជី និង​ប្រាក់​ពន្ធ។

ជន​ជាប់​ចោទ​ឈ្មោះ ម៉ៃ វណ្ណារុំ ឆ្លើយ​ថា​ខ្លួន​ជា​អ្នក​ទទួល​លុយ ចំនួន ២១​លាន​រៀល​នោះ​ទុក​ដោយ​មិន​មាន​ចេញ​វិក្កយប័ត្រ​ទទួល​ប្រាក់​ឱ្យ​ក្រុម​ហ៊ុន​ទេ។ ជន​ជាប់​ចោទ​បន្ត​ថា ក្រោយ​ពេល​រៀប​ចំ​ឯ​សារ​រួច​រាល់ ខ្លួន និង​តំណាង​ក្រុម​ហ៊ុន​បាន​យក​លុយ​ដែល​ទទួល​បាន​នោះ​ចំនួន ៧​លាន​រៀល ទៅ​បង់​នៅ​ទី​ចាត់​ការ​ហិរញ្ញ​វត្ថុ​រាជធានី​ភ្នំពេញ ។

ឈ្មោះ ម៉ៃ វណ្ណរុំ បាន​បញ្ជាក់​ថា លុយ​ដែល​នៅ​សល់​ចំនួន ១៤​លាន​រៀល​ទៀត គឺ​ខ្លួន​ជា​អ្នក​រក្សា​ទុក​នៅ​ការិយាល័យ​ផែន​ការ​វិនិយោគ ដើម្បី​ចំណាយ​លើ​តម្រូវ​ការ​ផ្សេង​ៗ​ទៀត ទៅ​តាម​ថ្នាក់​លើ​បញ្ជា ។

គួរ​រំលឹក​ថា ជន​ជាប់​ចោទ​ឈ្មោះ រ័ត្ន បូរី និង​ឈ្មោះ ម៉ៃ វណ្ណារុំ ត្រូវ​បាន​លោក ពេជ្រ វិជ្ជាធរ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដី​កា​សម្រេច​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នាគារ​ព្រៃ​ស ម​១ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧ ។

ជន​ជាប់​ចោទ​ត្រូវ​បាន អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​នៅ​​ព្រឹក​​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៧ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃ​ដ​ដែល ៕