យុវ​ជនដែល​ថត​រូប​អាក្រាត​កាយ​សង្សារ គំរាម​ទារ​ប្រាក់ តុលាការ​សម្រេច​ឃុំ​ខ្លួន

ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ក្រោយ​ពី​សាក​សួរ​ចប់​សព្វ​គ្រប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧​នេះ លោក ជា សុច័ន្ទដេត ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដី​កា​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ដែល​បាន ថត​រូប​អាក្រាត​កាយ​សង្សារ​របស់​ខ្លួន ដើម្បី​គំរាម​ទារ​ប្រាក់ ជា​ប់​បណ្ដោះ​អាសន្ន​ហើយ ។

ប្រភព​ពី​ដដែល​បាន​ឱ្យ​ដឹង​ថា លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​ឈ្មោះ ម៉​ម ភ័​ក្ត្រា ហៅ ភ័​ក្រ ភេទប្រុស អាយុ​ ២១​ឆ្នាំ មាន​ទី​លំ​នៅ​​ភូមិ​​ប្រ​ផុង ឃុំ​​សំរោង​​លើ ស្រុក​បន្ទាយ​មាស ខេត្ត​កំពត ពី​បទ គំរាម​កំហែង​ហែក​កេរ្តិ៍ យោង​តាម​មាត្រា ៣៧២ និង​មាត្រា ៣៧៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

យោង​តាម​របាយ​ការណ៍​សមត្ថកិច្ច​ជន​សង្ស័យ​មាន​ឈ្មោះ ម៉​ម ភ័​ក្ត្រា ហៅ ភ័​ក្រ ភេទប្រុស អាយុ​ ២១​​ឆ្នាំ មាន​​ទី​លំ​នៅ​​ភូមិ​​ប្រ​ផុង ឃុំ​សំរោង​​លើ ស្រុក​​បន្ទាយមាស ខេត្ត​កំពត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧​កន្លង​ទៅ ក្រោយ​ពី​សមត្ថកិច្ច​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​នារី​រងគ្រោះ​ជា​សង្សារ ដែល​បាន​ប្តឹង​ពី​​បទ គំរាម​កំហែង​​ហែក​កេរ្តិ៍ គំរាម​ទារ​ប្រាក់​​ចំនួន​ ៥០០​ដុល្លារ​​អា​មេ​រិ​ក​ ជា​​ថ្នូរ​​មិន​​បង្ហោះ​​រូប​ភាព​​អាក្រាត​កាយ​​របស់​នាង ។

យោង​តាម​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន បញ្ជាក់​ថា ជន​សង្ស័យ និង​នារី​រងគ្រោះ គឺ​ជា​សង្សារ​ហ្នឹង​គេ​យូរ​ឆ្នាំ​ហើយ ដែល​ផ្តើម​ចេញ​ពី​ការ​ស្គាល់​គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក រហូត​បាន​រួម​រស់​ជា​មួយ​គ្នា ជា​ច្រើន​លើក​ច្រើន​សារ ហើយ​នៅ​ពេល​នៅ​ជា​មួយ​គ្នា ជន​សង្ស័យ​តែង​តែ​ថត​រូប​នារី​រងគ្រោះ អាក្រាត​កាយ​ទុក លុះ​ក្រោយ​មក​ជន​សង្ស័យ​ក៏​បាន​ប្រើ​ប្រាស់​រូប​អាក្រាត​កាយ​ទាំង​នោះ គំរាម​ទារ​ប្រាក់​ពី​នារី​រង​គ្រោះ​រហូត​មក។ ដោយ​សារ​តែ​នារី​រងគ្រោះ​ទ្រាំ​មិន​បាន ក៏​បាន​សុំ​ជន​សង្ស័យ​បែក​គ្នា ប៉ុន្តែ​ជន​សង្ស័យ​មិន​ព្រម និង​បន្ត​គំរាម​បង្ហោះ​រូប​ភាព​នោះ​បើ​មិន​ឱ្យ​លុយ ទើប​នារី​រងគ្រោះ​សម្រេច​ដាក់​ពាក្យ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង​ទៅ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ករណី​នេះ ភាគី​ជន​សង្ស័យ​បាន យល់​ព្រម​សង​សំណង​ចំនួន ៥០០០​ដុល្លារ​ទៅ​ជន​រងគ្រោះ​ដើម្បី​បញ្ចប់​រឿង ហើយ​ភាគី​រងគ្រោះ​ក៏​យល់​ព្រម ប៉ុន្តែ​តំណាង​អយ្យ​ការ​មិន​យល់​ព្រម និង​បញ្ជា​ឱ្យ​នាំ​ខ្លួន​ជាង​សង្ស័យ​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី ៕