រថយន្ត​ម៉ាក​Prus​បោះ​ពួយ​លឿន​ពេក ជ្រុល​បុក​ក្បាល​នាគ​ចែក​ទ្រូង​ផ្លូវ​ក្រឡាប់​ផ្ងា​ជើង

ភ្នំពេញៈ​រថយន្ត​ម៉ាក​Prus​ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង​បើកបរ​បោះ​ពួយ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​១៥៦​សង្ស័យ​ស្រវឹង​បាន​រេចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​​លេខ​២៧១​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​បណ្តាល​អោយ​បុរស​ម្នាក់​ជា​ម្ចាស់​រថយន្ត​បាន​រង​​របួស​ធ្ងន់។
​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ត្រង់​ចំនុច​ផ្លូវ​២៧១​កែង​ផ្លូវ​១៥៦ ក្នុង​សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួល​គោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​Prus​ពណ៌​​ទឹក​ប្រាក់​មួយ​គ្រឿង ពាក់​ស្លាក​លេខ2Z-2563 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៦​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ស្ថាន​ភាព​ស្រវឹង លុះ​មក​ដល់​ផ្លូវ​២៧១​ដែល​ជា​ចំនុច​កើត​ហេតុ​រថយន្ត​បាន​បួង​ចង្កូត​បត់​ទៅ​ស្តាំ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​បណ្តាល​អោយ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​តែ​ម្តង​បណ្តាល​អោយ​ម្ចាស់​រថយន្ត​រង​របួស​ធ្ងន់​ត្រូូវ
មុខ​និង​ស្មា​តែ​សំណាង​ល្អ​ពុំ​បាន​អោយ​នរណា​ម្នាក់​រង​របួស​បាត់​បង់​ជីវិត​ឡើយ ។

ក្រោយ​ពី​កើត​ហេតុ​ម្ចាស់​រថយន្ត​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ហៅ​រថយន្ត​សាម៉ុយ​របស់​គ្លីនិច​ឯក​ជន​ដឹក​យក​ទៅ​ព្យាបាល​របួស ។ ដោយ​ឡែក​រថយន្ត​ខូច​ខាត​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ​ស្ទូច​យក​ទៅ​រក្សា​ទុក ចរាចរណ៍​ផ្លូវ​គោក​រាជ​ធានី​ភ្នំពេញ​រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ ៕