តៃ​កុង​​ស្ទើ​ភ្លើង បើក​រថយន្ត​រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូល​ទឹក​ស្រះ​

ភ្នំពេញ: រថយន្ត​តូ​យ៉ូ​តា​ តា​កូ​ម៉ា​ មួយ​គ្រឿង អ្នក​បើកបរ​ស្ទើ​ភ្លើង ជាន់​ហ្គា​បង្ខំ​បោល​លឿន​ជ្រុល​ទៅ​បុក​ពាង​ទឹក​បែក​អស់​១ ស្លន់​ពេក​បួង​ចង្កូត​ជ្រុល​ទាញ​ធ្លាក់​ចូល​ត្រាំ​ទឹក​ស្រះសំណា​ង​ល្អ​អ្នក​បើកបរ​លួន​ចេញ​រួច ផ្អើល​អ្នក​ជិត​ខាង​រត់​ទៅ​ជួយ​ហេតុ​ការ​ភ្ញាក់​ផ្អើល​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ស្រះ​ទឹក ក្នុង​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

តៃ​កុង​រថយន្ត​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ ទេ រថយន្ត​បង្ក​ហេតុ ម៉ាក​តូ​យ៉ូ​តា តាកូ​ម៉ា​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2B 2616 ។

តាម​ប្រភព​នៅ​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​ខាង​លើ​ចេញ​ពី​ការ​ដ្ឋាន​សំណង់​មួយ​កន្លែង បើក​ឆ្ពោះ​ទៅ​កើត ដោយ​សារ​អ្នក​បើក​បរ មិន​ស្ទាត់​ដៃ​ក៏​រេ​ចង្កូត ជាន់​ហ្គា​ទាំង​បង្ខំ ក៏​ជ្រុល​ទៅ​បុក​ពាង​ទឹក​បែក​អស់​១​ហើយ​ស្លន់​ពេក​បួង​ចង្កួ​ត​ទៅ​​ស្តាំ ទាញ​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ស្រះ ត្រាំ​ទឹក​​ហាក់​បី​ដូច​ជា​ក្តៅ​ស្អុះ សំណាង​ល្អ​អ្នក​បើក​បរ​​លូន​ចេញ​ក្រៅ​រួច ពុំ​មាន​រង​របួស ។

ក្រោយ​កើត​ហេតុ ពុំ​ឃើញ​មាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ​ទេ ហើយ​រថយន្ត​ខាង​លើ ត្រូវ​បាន​ម្ចាស់ ហៅ​រថយន្ត​ស្ទូច​មក​លើក​ឡើង​គោក ដើម្បី​យក​ទៅ​ជួស​ជុល​ដោយ​ខ្លួន​ឯង ខណៈដែល​មិន​បង្ក​រង​គ្រោះ​ដល់​អ្នក​ដ​ទៃ ៕