សាំង​ធូរ​ថ្លៃ​ដោយ​សារ យក​សាំង​ធម្មតា​ធ្វើ​សាំង​ស៊ុប​ពែរ

ភ្នំពេញ៖ ដើម្បី​ការពារ​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច អ្នក​ប្រើ​ប្រាស់​យាន​ជំនិះ​គ្រប់​ប្រភេទ និង​ទប់​ស្កាត់​ការ​កែ្លង​បន្លំ​របស់​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​ផង​នោះ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០​១៧ លោក គឿន ភិរុណ អនុប្រធាន​នាយក​ដ្ឋាន នៃ​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ​បរិមាណ និង​គុណ​ភាព​ប្រេង​ឥន្ធនៈ បាន​រក​ឃើញ​ស្ថានីយ​ប្រេង​ឥន្ធនៈ «SAVIMEX ហេង​សម្បត្តិ» ស្ថិត​តាម​បណ្តោយ​ផ្លូវ​មិត្ត​ភាព​កម្ពុជា-វៀត​ណាម ក្នុង​ខណ្ឌ​សែន​សុខ លក់​បរិមាណ​ប្រេង​មិន​បាន​ត្រឹម​ត្រូវ​ទៅ​តាម​កុង​ទ័រ​នោះ​ឡើយ ហើយ​លក់​សាំង​ធម្មតា បន្លំ​ជា​សាំង​ស៊ុប​ពែរ​ថែម​ទៀត​​ផង ។

លោក គឿន ភិរុណ បាន​ឲ្យ​ដឹង​ថា ការ​ត្រួត​ពិនិត្យ​នេះ បាន​ធ្វើ​ឡើង​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ត្រួត​ពិនិត្យ នៅ​និង​កន្លែង​ដូច​ជា ធុង​ក្រឹត​ចំនួន​មាឌ​ជាក់​លាក់ សម្រាប់​វាស់​មាឌ​ប្រេង​ដែល​បាញ់​ចេញ​ពី​ម៉ូទ័រ តាម​ទំហំ​ផ្សេង​ខុស​គ្នា​មាន ចំណុះ ២​លីត្រ ៥​លីត្រ ១០​លីត្រ និង​២០​លីត្រ ។ ចំណែក​សន្ទស្ស៍​អុក​តាន​ប្រេង​សាំង​វិញ គឺ​មាន​ឧបករណ៍ Zx101xL និង Zx101C សម្រាប់​វាស់​អុក​តាន​ប្រេង​សាំង​Super​(95) និង Regular(92) ។

ជា​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​គុណ​ភាព និង​បរិមាណ​ប្រេង​ឥន្ធនៈ​របស់​ស្ថានីយ​ចំនួន​០៣ ឃើញ​ថា ស្ថានីយ​ចំនួន​២ ធ្វើ​បាន​ត្រឹម​ត្រូវ​ទាំង​ផ្នែក​បរិមាណ និង គុណ​ភាព​ប្រេង​ឥន្ធនៈ ។ ដោយ​ឡែក​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង គឺ​ស្ថានីយ​ប្រេង «SAVIMEX ហេង​សម្បត្តិ» បរិមាណ​ប្រេង​មិន​បាន​ត្រឹម​ត្រូវ​តាម​លេខ​កុង​ទ័រ​នោះ​ទេ ហើយ​បាន​លក់​​ប្រេង​សាំង​ធម្មតា បន្លំ​ជា​សាំង​ស៊ុប​ពែរ​ថែមទៀតផង ។
ក្រោយ​ពី​បាន​រក​ឃើញ​នូវ​កំហុស​ខាង​លើ មន្ត្រី​ត្រួត​ពិនិត្យ បាន​ឲ្យ​ម្ចាស់​ស្ថានីយ​ធ្វើ​កិច្ច​សន្យា​កែ​តម្រូវ​ម៉ាស៊ីន​លក់​ប្រេង​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើង​វិញ នៅ​មជ្ឈ​មណ្ឌល​មាត្រា​សាស្ត្រ​ជាតិ នៃ​ក្រសួង​ឧស្សាហ៍​កម្ម និង​សិប្បកម្ម ។

លោក​អនុ​ប្រធាន​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ​បរិមាណ និង គុណ​ភាព​ប្រេង​ឥន្ធនៈ​រូប​នេះ បាន​អំពាវនាវ​ដល់​អ្នក​ប្រើ​ប្រាស់​យាន​ជំនិះ​ទាំង​អស់​ឲ្យ​ពិចារណា​ជា​មុន ក្នុង​ការ​ជ្រើស​រើស​ស្ថានីយ​ប្រេង​ឥន្ធនៈ​មុន​ចូល​ចាក់​ប្រេង ពោល​ត្រូវ​រើស​ក្រុម​ហ៊ុន​ដែល​មាន​ទុក​ចិត្ត​ប្រើ​ប្រាស់​ឧបករណ៍​លក់​ប្រេង​ថ្មី​ផ្គត់​ផ្គង់​ប្រេង​សាំង​ធម្មតា ឬ ស៊ុប​ពែរ និង​ម៉ាស៊ូត ដែល​មាន​គុណ​ភាព​ល្អ និង​គ្រប់​ចំនួន​លីត្រ ។ ជាមួយ​គ្នា​នោះ​ត្រូវ​ពិនិត្យ​មើល​លេខ​កុងទ័រ​ពី​ចំណុច​សូន្យ​ជា​និច្ច ហើយ​ពេល​ចាក់​ត្រូវ​តាម​ដាន​ដំណើរ​ការ​លេខ​កុង​ទ័រ​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​ហេតុ​ការណ៍​មិន​ប្រក្រតី​កើត​ឡើង​ទាក់​ទង​ពី​បរិមាណ និង​គុណ​ភាព​ប្រេង​ឥន្ធនៈ ពេល​ចូល​ទៅ​ចាក់​ប្រេង​ឥន្ធនៈ នៅក្នុង ស្ថានីយ​ណា​មួយ​ក្នុង​ទី​ក្រុង ភ្នំពេញ ប្រជា​ពលរដ្ឋ​អាច​ទាក់​ទង​ទូរស័ព្ទ​មក​លេខៈ 023 52 11 888 ៕