តាតណ្ហាក្រាស់​ ចាប់​រំលោភ​ក្មេងស្រីបានសម្រេច​

សៀមរាប ៖ ក្មេង​ស្រី​ទើប​វ័យ​១២​ឆ្នាំ​ម្នាក់​ត្រូវ​បុរស​វ័យ​ចំណាស់​ចាប់​រំលោភ​រហូត​បាន​សម្រេច ខណៈ​ពេល ដែល​ឱពុក​ម្តាយ​ចេញ​ទៅ​ធ្វើ​ការ​ងារ​បាត់ ប៉ុន្តែ​ត្រូវ​ឱពុក​ម្តាយ​ជន​រងគ្រោះ​ប្តឹង​ទៅ​នគរបាល ឲ្យ​ខ្លួន​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ ។ហេតុ​ការណ៍​ចាប់​រំលោភ​គឺ​នៅថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៣​និង​៤០​នាទី ស្ថិត​នៅ​ក្រុម​ទី​១១ ភូមិ​អញ្ចាញ សង្កាត់​នគរ​ធំ ក្រុង/ខេត្ត​សៀមរាប ។

ក្មេង​ស្រីរងគ្រោះឈ្មោះ ស ស វ ភេទ​ស្រី​អាយុ​១២​ឆ្នាំ មុខ​របរ​សិស្ស ស្នាក់​នៅ​ក្នុង​បន្ទុក​ម្ដាយ​ឪពុក ។ ចំណែក​តា​ចាស់​ល្មោភ​កាម​ឈ្មោះប៉ា សៀន ភេទប្រុស អាយុ​៥៥​ឆ្នាំ​មុខ​របរ​កម្មករ​សំណង់ ទី​លំ​នៅ​បច្ចុប្បន្ន​នៅ​ភូមិអញ្ចាញ សង្កាត់​នគរធំ ក្រុង/ខេត្ត​សៀមរាប។

នគរបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​និង​ពាក្យ​បណ្តឹង​ពី​អាណា​ព្យាបាល​ជន​រង​គ្រោះ នគបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​នគរ​ធំ សហការ​ជា​មួយ​នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ត្រី នួន សក្ត័​ចំរើន​រិទ្ធ អធិកា​រង​ទទួល​ផ្នែក​នគរ​បាល​យុត្តិ​ធម៌ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ធ្វើ​ការ​សហករ ស្រាវ​ជ្រាវ រហូត​ឈាន​ដល់​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ។

សមត្ថកិច្ច​បាន​​បន្ត​​ថា ជន​សង្ស័យ​បាន​សារ​ភាព​ថាខ្លួន​បាន​ដើរ​ទៅ​លែង​ផ្ទះ​របស់​ឪពុក​ម្តាយក្មេង​​រងគ្រោះ ពេល​ដើរ​ទៅ​ដល់ មិន​ឃើញ​ឪពុក​ម្តាយ​ក្មេង​រងគ្រោះ​នៅ​ផ្ទះ​នោះ​ទេ ដោយ​ឃើញ​តែ​ក្មេង​រង​គ្រោះ នឹង​ប្អូន​ប្រុស​ម្នាក់​នៅ​លេង​លើ​ផ្ទះ ឃើញ​ឱកាស​ស្ងាត់​ល្អ ជន​សង្សយ័ បាន​ឡើង​ទៅ​លើ​ផ្ទះ ហើយ​បាន​ឲ្យ​លុយ ទៅ​ប្អូន​ប្រុស របស់​ក្មេង​រងគ្រោះ​ទិញ​នំ​ញាំ​បាត់ បន្ទាប់​មក​ខ្លួន​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ស្រី​រង​គ្រោះ រំលោភ​រហូត​បាន​សម្រេច​ ។

ជន​សង្ស័យ ត្រូវ​បាន​នគរបាល​ខេត្ត​សៀមរាប កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​និតិ​វិធី​ច្បាប់ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៧ ៕