ពិធីភ្ជាប់ពាក្យក្លាយជាបុណ្យសព! កូន​កម្លោះ​ត្រូវ​ឆក់​ខ្សែ​ភ្លើង​ស្លាប់ ខណៈ​ឪពុក​កូន​ក្រមុំ​របួសធ្ងន់

កំពង់ធំ៖ មនុស្ស​ម្នាក់ៗ តែង​តែ​ប្រាថ្នា​រក​ជីវិត​គូ​ស្រ​ករ គ្រាន់​តែ​ជីវិត​គូ​នោះ​ល្អ ឬ​អាក្រក់​ផ្តោត​ទៅ​លើ​វាសនា និង​ព្រហ្ម​លិខិត, ជាក់​ស្តើង​ជីវិត​គូ​ដណ្តឹង​មួយ​គូ ដល់​ថ្ងៃ​ភ្ជាប់​ពាក្យ​ទៅ​ហើយ ស្រាប់​តែ​ខាង​ប្រុស​ត្រូវ​ឆក់​ខ្សែ​ភ្លើង​ស្លាប់​ជា​មួយ​នឹង​ឪពុក ខណៈ​ឪពុក​បង្កើត​កូន​ក្រមុំ រង​របួស​ធ្ងន់​ធ្ងរ។

ហេតុ​ការណ៍​ករណី​ឆក់​ខ្សែ​ភ្លើង​នេះ បង្ក​ឱ្យ​មាន​ភាព​ផ្អើល​នេះ កើត​ឡើង​នៅ​ម៉ោង​៤៖​២៥​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​សំពង់ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ ។

លោក សឿង ភា នាយ​ប៉ុស្តិ៍​ឃុំ​ប្រាសាទ បាន​បញ្ជាក់​ប្រាប់​នៅ​ថា ជន​រង​គ្រោះ​ទី​១៖ ឈ្មោះ ខុំ ខេន អាយុ​២៩​ឆ្នាំ ជា​កូន​កម្លោះ (ស្លាប់), ទី២៖ ឈ្មោះ រឹម រ៉ាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (ស្លាប់) ត្រូវ​ជា​បង​ជី​ដូន​កូន​ក្រមុំ, ទី៣៖ ឈ្មោ ចែត ជឿន អាយុ​៦៧​ឆ្នាំ ឪពុក​បង្កើត​កូន​ក្រមុំ (មាន​សភាព​ធ្ងន់​ធ្ងរ) យក​ទៅ​សង្រ្គោះ​នៅ មន្ទី​ពេទ្យ​ខេត្ត​កំពង់​ធំ ខណៈ​កូន​ក្រមុំ​ឈ្មោះ សា រ៉េត អាយុ​២៥​ឆ្នាំ។

សាក្សី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ ផ្ទះ​រង​គ្រោះ​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ ដោយ​បាន​ដំឡើង​រោង​រួច​រាល់​អស់​ហើយ។ ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​លើក​មេ​ក្រូ​ឡើង​លើ ដោយ​មេ​ក្រូនោះ​មាន​ដង​ដែក​ផង ស្រាប់​តែ​ប៉ះ​ខ្សែ​ភ្លើង​ខាង​លើ​ដែល​មាន​ខ្សែ​៣​ធំៗ បណ្តាល​ឱ្យ​ឆក់​តែ​ម្តង ។

ក្រោយ​ខ្សែ​ភ្លើង​ឆក់​បង​ប្អូន​សាច់​ញាតិ​យក​ជន​រងគ្រោះ​ទាំង​៣​នាក់ កប់​ដី​ខ្សាច់​ក្រោយ​មក រថយន្ត​សង្គ្រោះ​ក៏​បាន​ដឹក​យក​ទៅ​សង្រ្គោះ​បន្ត នៅ​មន្ទី​ពេទ្យ​ខេត្ត​កំពង់​ធំ តែ​ជា​អកុសល​មនុស្ស​២​នាក់ ទៅ​មន្ទីពេទ្យ​ខេត្ត​កំពង់ធំ បាន​ដាច់​ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ក៏​ត្រូវ​បង​ប្អូន​សាច់​ញាតិ​ដឹក​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕