គេង​ឱប​ស្ងួន​រាល់​ថ្ងៃ ហេតុ​អ្វី​ចរណៃ​អូន​បំផ្លាញ​បង​បែប​ហ្នឹង

ភ្នំពេញ៖ ស្ដ្រី​ម្នាក់​ត្រូវ​បាន​ប្ដី​ប្ដឹង​ឲ្យ​សមត្ថកិច្ចប៉ុស្ដិ៍​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើ​ការ​ឡោម​ព័ទ្ធ​និង​តាម​ចាប់​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៣​ខែ​កក្កដា​ឆ្នាំ​២០១៧​នៅ​ក្នុង​បុរី​«ប៊ុន​ហួរ»​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្រ្តី​នោះ​ឈ្មោះ រ៉ុន ថុលធីតា អាយុ២៤ឆ្នាំ មាន​កូន​ម្នាក់ ចំណែក​លោក​ថៅ​កែ​ដែល​ជា​ប្ដីឈ្មោះ វ៉ាង ជីញ​យ៉ាង អាយុ​៤៨​ឆ្នាំ ស្នាក់ នៅ​ក្នុង​ផ្ទះ​ល្វែង បុរី​កើត​ហេតុ​ខាង​លើ គាត់​ជា​អ្នក​នាំ​ចូល​គ្រឿង​អេឡិច​ត្រូ​និច​មួយ​ទឹកៗ ដ៏​ធំ​មួយ​ពី​ប្រទេស​ជប៉ុន ។

ចំណែក​ស្រ្តី​រូប​នោះ​បាន​លួច​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ទៅ​លក់​និង​ដាក់​បញ្ចាំ​យក​លុយ​ទៅ​លេង​ល្បែង​នៅ​កាស៊ីណូ​ណា​ហ្គា​ជា​បន្ត​បន្ទាប់​រួម​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ្វត​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AN-2852 ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្លាញ់​ក្ដាម​ដែល​មាន​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ រួម​ទាំង​គ្រឿង​អលង្ការ​ដែល​មាន​តម្លៃ​២,៥៦០​ដុល្លារ​ទៀត ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​លោក​ថៅ​កែ​ក្រុម​ហ៊ុន​ខាង​លើ​នោះ បាន​ដាក់​កាមេរ៉ា​សុវត្ថិ​ភាព ក្នុង​ផ្ទះ​ល្វែង​ដែល​ប្រពន្ធ​កំពុង​ស្នាក់​នៅ​ហើយ​បាន​ភ្ជាប់​កាមេរ៉ា​នោះ​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​គាត់​ហើយ​គាត់​មិន​សូវ​បាន​នៅ​ផ្ទះ​ទេ​ភាគ​ច្រើន​ទៅ​ប្រទេស​ជប៉ុន ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​១០​ខែ​កក្កដា​នាង​ជា​ប្រពន្ធ​បាន​ធ្វើ​សកម្មភាព​ដក​ខ្សែ​កាមេរ៉ា​ចេញ​ពី​បន្ទប់​រួច​បាន​លួច​យក​រថយន្ត​ម៉ាក​ហ្វត​១​គ្រឿង​នោះ​ចេញ​ពី​ផ្ទះ​ហើយ​បាន​យក​ទៅ​ដាក់​បញ្ចាំ​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខណ្ឌ​ទួល​គោក ក្នុង​តម្លៃ​៨​ពាន់​ដុល្លារ​យក​លុយ​ទៅ​លេង​ល្បែង​កា​ស៊ី​ណូ​ណា​ហ្គា និង​បាន​ចាញ់​អស់​គ្មាន​សល់ រួម​ទាំង​គ្រឿង​អលង្ការ​ជា​ច្រើន​ទៀត​ផង​ដែរ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​នាង បាន​គេច​ខ្លួន​អត់​ចូល​ផ្ទះ​ឡើយ ចំណែក​បុរស​ជា​ប្ដី​ដែល​តែង​តែ​មើល​សកម្មភាព​ផ្សេង​នៅ​ផ្ទះ​របស់​ខ្លួន តាម​រយៈ​កាមេរ៉ា ពី​ប្រទេស​ជប៉ុន​នោះ ស្រាប់​តែ​មើល​លែង​ឃើញ ហើយ​ខល​រក​ប្រពន្ធ​ក៏​អត់​ចូល​ទៀត ទើប​ខល​ឲ្យ​បុគ្គលិក និង​សាច់​ញាតិ​របស់​ខ្លូន ទៅ​មើល​នៅ​ផ្ទះ​ហើយ​ទើប​ដឹង​ថា​បាត់​ទាំង​មនុស្ស​និង​រថយន្ត​ចំណែ​ក​ខ្សែ​កាមេរ៉ា​សុវត្ថិភាព​ក៏​របូត​អស់​ទៀត ។

ក្រោយ​មក​ក៏​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ ទើប​ដឹង​ថា ប្រពន្ធ​យក​រថយន្ត​ទៅ​បញ្ចាំ ហើយ​បាន​ដាក់​កម្លាំង​ចាំ​មើល​រហូត​ដល់​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ទើប​លេច​មុខ​នាង​ប្រពន្ធ​ចូល​ទៅ​ផ្ទះ​ម្ដង​ទៀត ក្នុង​បំណង​លួច​យក​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ​១​គ្រឿង​​ទៀត ពណ៌​ស​ពាក់​ស្លាក​​លេខ ភ្នំពេ​ញ 2AB​-​38​83 ហើយ​​ក៏​​ត្រូវ​បាន​​ប្ដី​​ប្ដឹង​​ឲ្យ​​នគរបាល​​ជួយ​​ឃាត់​ខ្លួន ប៉ុន្តែ​ខណៈ​​នោះ​​មិន​​អាច​​ឃាត់​​បាន​​ភ្លាម​​ៗ​​នោះ​ឡើយ ដោយ​​សារ​​នាង​​ដឹង​​ខ្លួន​​ទាន់ ហើយ​បាន​​រត់​​ផ្លោះ​​របង​​ចូល​​ទៅ​​ក្នុង​​រោង​​ចក្រ​​មួយ​​នៅ​ក្បែរ​​នោះ មួយ​​សន្ទុះ​​ក្រោយ​​មក ទើប​​នគរ​បាល​ឃាត់​​ខ្លួន​​បាន​​នាំ​​ទៅ ធ្វើ​​ការ​​សាក​​សួរ​​នៅ​​ប៉ុស្ដិ៍​តែ​​ម្ដង ។

នេះ​គឺ​ជា​រឿង​មួយ មិន​គួរ​អោយ​កើត​មាន​ត​ទៅ​ទៀត​ឡើយ ដោយ​បុរស​ជា​ប្តី ដាច់​ចិត្ត​ប្តឹង​ប៉ូលិស​ចាប់​ប្រពន្ធ​សំណព្វ​ចិត្ត ដែល​ធ្លាប់​គេង​កើយ​ក្បែរ​ទ្រូង​រាល់​ថ្ងៃ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដោយ​សារ​រឿង​លេង​ល្បែង​ស៊ី​សង​ចាញ់​អស់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។ ជា​មួយ​គ្នា​នោះ​ដែរ ក៏​មាន​ការ​រិះគន់​ផង​ដែរ​ចំពោះ ទី​តាំង​ល្បែង​ដែល​កើត​មាន​ព្រោង​ព្រាត នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​ល្បែង​ស្លុត​ម៉ា​ស៊ីន ល្បែង​ភ្នាល់​តាម​ប្រព័ន្ធ online ដែល​កំពុង​កើត​មាន​រាប់​រយ​កន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​ការ​បង្ក្រាប​អោយ​បាន​តឹង​រឹង​បំផុត ។
ពាក់​ព័ន្ធ​ករណី​គ្រួសារ​ខាង​លើ​នេះ យើង​ពិត​ជា​មាន​ការ​សោក​ស្តាយ​ដោយ​សារ​ចំពោះ​ទង្វើ​របស់​ស្ត្រី​ជា​ប្រពន្ធ ធម្មតា​ពាក្យ​ខ្មែរ​និយាយ​ថា ” តក់​ៗ​ពេក​បំពង់ ” បើ​បុរស​ជា​ប្តី​ជា​អ្នក​ប្រឹង​រក​ទុក​ដាក់ ហើយ​ប្រពន្ធ​កញ្ចើរ​ធ្លុះ​ជា​អ្នក​បំផ្លាញ ពិត​ជា​ជួប​ភាព​វិនាស​ហិន​ហោច​ក្នុង​គ្រួសារ​ហើយ ៕