រថយន្ដ​ធន់​ធំ​២​គ្រឿង​បុក​គ្នា​ខ្ទាត​ចូល​ផ្ទះ​ប្រជាពល​រដ្ឋ​រង​ការ​ខូច​ខាត

ភ្នំពេញ៖ រថយន្ដ​ខ្នាត​ធំ២​គ្រឿង​បើក​បុក​គ្នា​ពេញ​ទំហឹង​ហើយ​បន្ត​ទៅ​បុក​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ​បណ្ដាល​អោយ​រង​ការ​ខូច​ខាត​ផ្ទះ​ប្រជា​ពល​រដ្ឋ​ និង​រថយន្ដ​ទាំង​ពីរ​គ្រឿង​សំណាង​ល្អ​មិន​បណ្ដាល​អោយ​មាន​អ្នក​រង​​របួស។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ឋត់​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ជិត​មជ្ឈ​មណ្ឌល មង្គល​ឧត្ដម តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុង​សង្កាត់ បឹង​ទំពុន​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ក្បាល​សណ្ដោង​រថយន្ដ​កុង​តឺន័រ​មួយ​គ្រឿង​ដោយ​មិន​មាន​កន្ទុយ​សណ្ដោង​ពាក់​ស្លាក​លេខ ក. 5544 ភព3 បើក​តាម​បណ្ដោយ​ផ្លូវ​៣៧១​ទិស​ដៅពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ វ៉ា​រថយន្ដ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ស្រប​គ្នា​ក៏​ជ្រុល​ទៅ​បុក​រថយន្ដ​កង់​តឺន័រ​មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង​ហើយ​រថយន្ដ​បង្ក​រមិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជា​ពល​​រដ្ឋ​ដែល​មាន​ស្លាក​យី​ហោ បោក​អ៊ុត​ទំនើប បណ្ដាល​អោយ​បាក់​ទ្វារ​ខាង​មុខ​ខូច​ខាត​​ទាំ​ង​ស្រុង។

ក្រោយ​ពី​កើត​ហេតុ​តៃ​កុង​រថយន្ដ​បង្ក​មិន​ហ៊ាន​ចុះ​ចេញ​ពី​រថយន្ដ​នោះ​ទេ ព្រោះ​ខ្លាច​ប្រជា​ពលរដ្ឋ​ព្រួត​គ្នា​វាយ។​ ក្រោយ​មក​ទើប​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់​កន្លែង​កើត​ហេតុ​និង​សំរួល​ចរាចរណ៍​ដើម្បី​កុំ​អោយ​កក​ស្ទះ​ហើយ​បាន​ទំនាក់​ទំនង​ទៅ​កម្លាំង​ជំនាញ​ធ្វើការ​វាស់​វែង​យក​រថយន្ដ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ៕