ជនសង្ស័យជាមុខសញ្ញាឆក់​សកម្ម​ពេល​នេះ​ជាប់​ខ្នោះ​ម្នាក់​និង​រត់​គេច​៥​នាក់

ភ្នំពេញ៖ ចោរ​ឆក់​មិន​បាន​សម្រេច​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន និង​ដក​ហូត​កាំ​ភ្លើង​ខ្លី​១​ដើម ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ សហ​ព័ន្ធ​រុីស្សី ជិតស្ពាន អាកាសតិចណូ ក្នុង សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជន​សង្ស័យ​មាន​ឈ្មោះ ថៃ ចាន់លីហ្វា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ មុខរបរ មិន​ពិត​ប្រាកដ ស្នាក់​នៅ​ផ្ទះ​លេខ​៤​បេ ផ្លូវ​លេខ៩៣ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ដោយ​ឡែក​នារី​ជន​រងគ្រោះ​មិន​ស្គាល់​ឈ្មោះ​ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក Today ពណ៌ ស មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទេ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ស ស្ពាយ​កាបូប មួយ​ពណ៌​ខ្មៅ​នៅ​ចំហៀង​ខាង​ស្តាំ​ដោយ​ជិះ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១០​ទិស​ដៅ​ពី​កើត​មក​លិច​ពេល​មក​ដល់​ចំណុច​កើត​ហេតុ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​លេច​មុខ​ជន​សង្ស័យ ៦នាក់ ជិះ​ម៉ូតូ​៤​គ្រឿង តាម​មក​ពី​ក្រោយបាន​សកម្មភាព​ឆក់​យក​កាបូប​នារី​រង​គ្រោះ តែ​ឆក់​មិន​បាន​សម្រេច ក៏​​ត្រូវ​​ជន​​រង​​គ្រោះ​​ស្រែក​​ចោរ​​ៗ ទើប​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត បាន​ដេញ​តាម​រហូត​ដល់​មុខ​វត្ត​នាគវ័ន្ត​ក៏​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់ រួម​ទាំង​កាំ​ភ្លើង​គ្រាប់​កង់​មួយ​ដើម​ផង ដោយ​ឡែក​បក្ស​ពួក​៥​នាក់​ទៀត​រត់​គេច​ខ្លួន​ស្រមោល ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌ​ទួល​គោក ដើម្បី​បន្ដ​នីតិ​វិធី ៕