ម៉ូតូ​២​គ្រឿង​បើ​ក​បុក​គ្នា​រង​របួស​ធ្ងន់​ ស្រាល​៦​នាក់

ភ្នំពេញ៖ ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​មិន​ប្រុង​ប្រយ្ន័ត​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​និង​ស្រាល​ចំនួន​៦​នាក់​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ខែ​កក្កដា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​ភូមិ​ឫស្សី​សង្កាត់​​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក និច ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ1FO-6431បើក​បរ​ដោយ​នារី​ម្នាក់​រួម​និង​មិត្ត​ភក្ភ្រ័​ស្រី​ម្នាក់​ទៀត​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុង​ដា​ឌ្រីម សេ​១២៥​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​បើក​បរ​ដោយ​បុរស​ម្នាក់​រួម​និង​មិត្ត​ភក្ភ្រ័​ប្រុស​ស្រី​៣​នាក់​ទៀត​បើកបរ​នៅ​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​ជ្រុល​ទៅ​ម៉ូតូ​និច​ពេញ​ទំហឹង​ បណ្ដាល​អោយ​រង​របួស​ធ្ងន់​ចំនួន​៤​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ និង​២​នាក់​ទៀត​​របួស​ស្រាល ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​ ។

ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ដល់​រួច​ទំនាក់​ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​ម៉ូតូ​ទាំង​២​នៅ​រក្សា​ទុក​នៅ​អធិកា​រ​ខណ្ឌ​មាន​ជ័យ​រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​តាម​នីតិ​វិធ​ច្បាប់​ ៕