ឆក់​មិន​បាន​សម្រេច​ហើយ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ទៀត

ភ្នំពេញ៖ ជន​សង្ស័យ​មួយ​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​តែ​មិន​បាន​សម្រេច​តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​និង​កម្លាំង​សមត្ថ​កិច្ច​ខណ្ឌ​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​២​នាក់ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៧ តាម​បណ្ដាយ​ផ្លូវ​ព្រះ​មុនី្នវង្ស​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ។

ជន​សង្ស័យ​ទាំង​២​នាក់ ទី១- ឈ្មោះ ហ៊ី មុន្នី អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រៃ​ឯង ខណ្ឌ​ច្បារ​អំពៅ មុខ​របរ​មិន​ពិត​ប្រាកដ និង​​ទី​២- ឈ្មោះ  ហួរ ហុយ អាយុ១៨ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រៃ​ឯង ខណ្ឌ​ច្បារ​អំពៅ មុខ​របរ មិន​ពិត​ប្រាកដ ។ ដោយ​ឡែក​នារី​រង​គ្រោះ​មិន​បាន​ស្គាល់​អត្ដ​សញ្ញាណ​ទេ ដោយ​សារ​គាត់​មិន​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​ទេ ។

យោង​តាម​សាក្សី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ដោយ​ជិះ​តែ​ម្នាក់​ឯង បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កើត​ហេតុ ស្រាប់​តែ​ពេល​នោះ​បាន​លេច​មុខ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុង​ដា សេ​១២៥ ពណ៌​ទឹក​មាស​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GL-​17​92 និង​មួយ​គ្រឿង​ទៀត ម៉ាក​ហុង​ដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM-1842 ដោយ​ម៉ូតូ​ទាំង​២​គ្រឿង​ជិត​ម្នាក់ៗ​ឯង ជិះ​​ស្រប​ទិស​គ្នា​មក​ពី​ក្រោយ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ធ្វើ​សកម្មភាព​ឆក់​ការ​បូប​ពី​នារី​ខាង​លើ​នោះ​តែ​មិន​បាន​សម្រេច ក៏​បង្ក​ការ​ភ្ញាក់​ផ្អើល ដល់​​សមត្ថកិច្ច​​សហការ​​គ្នា​​តាម​​ស្ទាក់​ចាប់ រហូត​​ឃាត់​​ខ្លួន​​បាន​​នៅ​ជិត​ផ្សារ​បឹង​កេង​កង​​ទាំង​២​នាក់​តែ​ម្ដង ។ ​

ក្រោយ​ពេល​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នាំ​ខ្លួន​មក​ធ្វើការ​សាក​សួរ​និង​កសាង​សំណុំរឿង ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៕