ឆក់​កាបូប​បាន​សម្រេច កម្លាំង​នគរបាល​ការពារ​ក្បួន​តាមផ្លូវ​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​២​នាក់ (មាន​វីដេអូ)

ភ្នំពេញ៖ ជន​សង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ​ខណ្ឌ ការពារ​ក្បួន​ប្រតិភូ តាម​គោលដៅ ដងផ្លូវ និង​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ រួម​សហការ​គ្នា​ស្ទាក់​ដេញ​ចាប់​ខ្លួន​បាន​ភ្លាមៗ ក្រោយ​ពី​ជន​សង្ស័យ ធ្វើ​សកម្មភាព​ឆក់​កាបូប​២ ពី​ស្រ្តី​២​នាក់​កំពុង​ជិះ​ម៉ូតូ តាម​ផ្លូវ​មុខ​សាលា​រៀន​សុភមង្គល បាន​សម្រេច​ហើយ ជន​សង្ស័យ​ព្យាយាម​បើក​ម៉ូតូ​រត់​គេច តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី រហូត​ដល់​មុខ​សលា​រៀន​ពោធិ​ចិនតុង ទើប​កម្លាំង​ប្រដេញ ជិះ​បំបុក ផ្តួល ព័ទ្ធ​ចាប់​បាន​ភ្លាមៗ កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​ប៉ប្រ៉ក​ជើង សង្កាត់​កាកាប ខណ្ឌ​ពោធិ​សែន​ជ័យ។

ជន​សង្ស័យ​ម្នាក់​ដែល​នគរបាល​ចាប់​ខ្លួន​បាន ឈ្មោះ អៀ មករា ហៅ​យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទី​លំនៅ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ជា​អ្នក​បើកបរ​ម៉ូតូ ម៉ាកសង់​ប៊ិច​ C១១០ សេរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-8761 ដើរ​ធ្វើ​សកម្មភាព​ឆក់​តាម​ដង​ផ្លូវ សាធារណៈ ។ ចំណែក​បក្ខពួក​ម្នាក់​ទៀត ខាង​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ ចាប់​ខ្លួន​បាន មាន​ឈ្មោះ ប៉ាក់ ម៉ាហាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ភូមិ​មាន​ជ័យ​០១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ។

ចំណែក​ជន​រងគ្រោះ​មាន​ឈ្មោះ សុន យ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខ​របរ​កាត់​ដេរ​នៅ​ផ្ទះ រួម​ដំណើរ​ជាមួយ​ប្អូន​ស្រី​ម្នាក់​ទៀត ឈ្មោះ ស្រី វី អាយុ​២៩​ឆ្នាំ មុខរបរ​នៅផ្ទះ។ ជន​រងគ្រោះ​ទាំង​២​នាក់​មាន​ទី​លំនៅ ភូមិ​ច្រេស សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ធូដេ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-2390។

តាម​សម្តី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ គាត់​ទាំង​២​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​ពី​ផ្ទះ​ឆ្ពោះ ទៅ​ផ្សារ​ពោធិ​ចិនតុង ជិះ​តាម​ផ្លូវ​ខាង​លើ ដល់​ចំណុច​កើតហេតុ ស្រាប់​តែ​ជន​សង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ សេ​១១០ សេរី​២០១២ ប៊ិច មក​ដល់​ទន្ទឹម​ហើយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ស្ពាយ​ពី​ស្មា បាន​សម្រេច ហើយ​ព្យាយាម​បើក​ម៉ូតូ​រត់ គេច​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​កើត គាត់​ស្រែក​ចោរៗ​ផ្អើល កម្លាំង​ប៉ូលិស អាវុធហត្ថ ជា​ច្រើន​នាក់​កំពុង​ការពារ​ក្បួន​ប្រតិភូ​តាម​ដងផ្លូវ ស្រាប់ ដេញ​ចាប់​បាន​ភ្លាមៗ។

ក្រោយ​ឃាត់ខ្លួន​បាន ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​កាកាប រីឯ​ជន​សង្ស័យ​ម្នាក់​ទៀត​ក្រោយ​ពី​អាវុធហត្ថ​ឃាត់​ខ្លួន បាន​នាំ​ទៅ​សាកសួរ​នៅ​ទី​បញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ រួច​បាន​ប្រគល់​ជូន ប៉ុស្តិ៍​កាកាប ទាំង​២​នាក់ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ចាត់ការ​បន្ត។ ដោយ​ឡែក សម្ភារៈ ក្នុង​កាបូប មិន​មាន​បាត់បង់ ដក​ហូត​បាន​មក​វិញ នគរ​បាល​ប្រគល់​ជូន​ជន​រងគ្រោះ​វិញ៕