ក្រសួង​ដែន​ដី​ជូន​ដំណឹង​ស្ដី​ពី ការ​រុះរើ​អគារ​ប៊ូឌិញ ដើម្បី​អភិវឌ្ឍ​ថ្មី ចាប់ពី​ថ្ងៃ ១៧.០៧.២០១៧

យោង​លិខិត​ជូន​ដំណឹង​របស់​ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែល​បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​តេឡេក្រាម​របស់​គ្រុប អតីត​អ្នក​រស់​នៅ​អគារ​ប៊ូឌិញ មុន​នេះ​បន្តិច​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ធ្វើការ​រុះរើ សំណង់​អគារ​ប៊ូឌិញ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ថ្មី គិត​ចាប់​ពី​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៧ ខាង​មុខ​នេះ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ បាន​បញ្ជាក់​ថា អគារ​ប៊ូឌិញ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​ដោយ​សារ ជា​អគារ​ចំណាស់​សាងសង់​ឡើង​តាំងពី​ឆ្នាំ ១៩៦៣​មក​ម្ល៉េះ។ ដូច្នេះ​ហើយ​បាន​ជា លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​យក​ចិត្ត​ទុកដាក់​គិតគូរ ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ ដោយ​ធ្វើការ​ទិញ​លក់ លំនៅ​ដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​អភិវឌ្ឍ​ជា​អគារ​ទំនើប មាន​កំពស់​ជាង ២០ ជាន់។ តាម​រយៈ​គម្រោង​នេះ​ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ៤៨៥​គ្រួសារ បាន​ធ្វើការ​ចាកចេញ​ទាំងស្រុង​ហើយ ប៉ុន្តែ​ក្នុង​នោះ នៅ​មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ចំនួន ៧​គ្រួសារ​ទៀត​ប៉ុណ្ណោះ​មិន​ទាន់​ចាកចេញ ដោយ​រស់​នៅ​ក្នុង​សភាព​ប្រថុយ​ជាមួយ​គ្រោះ​ថ្នាក់។