ដល់ក! ប្ដី​ប្រពន្ធ​២​នាក់​ជួញ​ដូរ​ថ្នាំ​ញៀន​ជិត​១​គីឡូ

រាជធានី​ភ្នំពេញ : មុខ​សញ្ញា​ចែក​ចាយ​គ្រឿង​ញៀន​ដ៏​ធំ​២​នាក់ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ច្បារ​អំពៅ សហការ​ជា​មួយ​កម្លាំង​អាវុធ​ហត្ថ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ ធ្វើ​ការ​បង្ក្រាប​បាន​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង កែង​នឹង​បុរី​ហាយ​តិច ស្ថិត​ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ កាល​ពី​វេលា​ម៉ោង ១១ និង​៣០​នាទី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៧ ។

ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដឹក​នាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ គិត សុផល មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ និង​លោក​ប៉ាន់ សុភាព នាយ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន នៃ​ទី​បញ្ជារ​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ។

ជន​សង្ស័យ​ទាំង​២​នាក់​ពុំ​ត្រូវ​បាន​បញ្ចេញ​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ បច្ចុប្បន្ន​ពួក​គេ​កំពុង​សាក​សួរ​នាំ​នៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ច្បារ​អំពៅ និង​រង​ចាំ​បន្ត​ទៅ​ឆែក​ឆេរ​ទី​តាំង​ស្នាក់​នៅ ។

ក្នុង​ការ​បង្ក្រាប កម្លាំង​អាវុធ​ហត្ថ​ដក​ហូត​ថ្នាំ​ញៀន ជា​ច្រើន​កញ្ចប់​ធំ​ដែល​អាច​ស្មាន​បាន គឺ​ជិត​១​គីឡូ​ក្រាម ម៉ូតូ​ធុន​ធំ​ម៉ាក CBR មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CN​-60​27 និង​វត្ថុ​តាង ក៏​ដូច​ជា​ឧបករណ៍​ប្រើ​ប្រាស់​ថ្នាំញៀន​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

មន្ត្រី​អាវុធ​ហត្ថ​ខណ្ឌ​ច្បារ​អំពៅ អោយ​ដឹង​ថា មុខ​សញ្ញា​ថ្នាំ​ញៀន​ទាំង​២​នាក់​នេះ កម្លាំង​អា​វុធ​ហត្ថ​បើក​ការ​ស្រាវ​ជ្រាវ និង​តាម​ដាន​ជា​យូរ​មក​ហើយ រហូត​កំណត់​ពី​ទី​តាំង​ច្បាស់​លាស់ កម្លាំង​អាវុធ​ហត្ថ​មូល​ដ្ឋាន សហការ​ជា​មួយ​ជំនាញ​ក្រុង ចុះ​បង្ក្រាប​បាន​ជាក់​ស្តែង​តែ​ម្តង ៕