ចុម! ស្មាន​​តែ​​សាំង ដឹង​អី​ឈើ​ក្រញូង

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៧ កម្លាំង​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​ដាន ស្វែង​រក​រថយន្ត​ដឹក​ប្រេង​០១​គ្រឿង ដែល​ប្រជា​ពលរដ្ឋ​បាន​រាយ​ការណ៍​ថា ជា​រថយន្ត​គួរ​ឲ្យ​សង្ស័យ​ខុស​ប្រ​ក្រតី ។

លុះ​ដល់​ពេល​រសៀល​សមត្ថកិច្ច​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​ប្រទះ​ឃើញ រថយន្ត​ខាង​លើ ចរាចរ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ក៏​ធ្វើ​ការ​ត្រួត​ពិនិត្យ​ជាក់​ស្តែង ឃើញ​ថា​រថយន្ត​នេះ ពិត​ជា​បាន​ប្រព្រឹត្តល្មើសច្បាប់ ដោយ​លួចដឹក​ឈើ​ក្រញូង​ជំនួស​ប្រេង​សាំង​បន្លំ​ភ្នែក​សមត្ថកិច្ច​និង​មហា​ជន​ទូទៅ ក៏​បាន​ឃាត់​យក​មក​កាន់​ទី​បញ្ជា​ការ កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និង​សុំ​ការ​អនុញ្ញាតពីលោក សៀង សុខ ព្រះ​រាជ​អាជ្ញា​​រង អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បង្កើត​គណ​កម្ម​ការ ដោយ​មាន​ការ​ចូល​រួម​ពី មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ភ្នំពេញ មន្ត្រី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ចំការ​មន មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ដង្កោ និង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ធ្វើ​ការ​ឆែក​ឆេរ រុះ​រើ​កំណាត់​ឈើ រាប់​និង​ថ្លឹង ជា​លទ្ធ​ផល​ទទួល​បាន​គឺ រថយន្ត​ម៉ាក HYUNDAI ពណ៌​ស​លាយ​ខៀវ មាន​ស៊ី​តែន​ចំណុះ​៣៣០០​លីត្រ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3538 មិន​មាន​ផ្ទុក​ប្រេង​ទេ តែ​លួច​បង្កប់​ឈើ​ក្រញូង ចំនួន​២​៣​១៥​ដុំ ទម្ងន់​២៤១០​គីឡូ​ក្រាម ។

បន្ទាប់​ពី​បាន​ធ្វើ​កំណត់​ហេតុ​ត្រួត​ពិនិត្យ​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៧ សមត្ថ​កិច្ច អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ផ្ទេរ​សំណុំ​រឿង​និង​វត្ថុ​តាង ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​នៃ​រដ្ឋ​បាល​ព្រៃ​ឈើ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់ ៕