ប្ដី​ប្រពន្ធ​២​នាក់​បែក​គំនិត​ចេញ​ឆក់​កាបូប​ជាប់​ខ្នោះ

ភ្នំពេញ៖ ប្ដី​ប្រពន្ធ​បាន​នាំ​គ្នា​ចេញ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​បាន​សម្រេច​ត្រូវ​បាន​អ្នក​ឃើញ​ហេតុ​ការ​ជិះ​ម៉ូតូ​ដេញ​បុក​បណ្ដាល​ឲ្យ​ដួល​ទើប​សមត្ថកិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​បាន ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩​ខែ​កក្កដា​ឆ្នាំ​២០១៧​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ីសុវត្ថ ទល់​មុខ​កា​បូ​យ៉ា​ណា សង្កាត់​ចតុ​មុខ​​ ខណ្ឌដូនពេញ ។
ស្ដ្រី​រង​គ្រោះ​ឈ្មោះ មីុ ម៉ារីយ៉ន អាយុ45​ស្នាក់​នៅ​ភូមិ​២​សង្កាត់​ទំនប់​ទឹក​ខណ្ឌ​ចំការ​មន ចំណែក​ជន​សង្ស័យ​២​នាក់​ប្ដី​ឈ្មោះ​លី ស្រីនី អាយុ​១៨ ស្នាក់​ផ្ទះ​​ជួល​​សង្កាត់​​ដង្កោ ខណ្ឌ​ដង្កោ រី​ឯ​ប្រពន្ធ​មាន​ឈ្មោះ នី ស្រីនាង​ ស្រី​ អាយុ​១៨ ស្នាក់​នៅ​ជា​មួយ​គ្នា ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ស្ដ្រី​រង​គ្រោះ​បាន​ឲ្យដឹង​ថា ​មុន​ពេល​កើត​ហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គ្រុប​ជ្រុង ពណ៌​ក្រហម ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​1B​-46​68​ទិស​ពី​ជើង​មក​ត្បូង​ដែល​ឌុប​កូន​ស្រី​របស់​គាត់​ដើរ​លេង លុះ​​មក​​ដល់​ចំណុច​កើត​ហេតុ ក៏​លេច​មុខ​ជន​សង្ស័យ​​២​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្មាក​វី ពណ៌​ខ្មៅ​ដែល​ពាក់​ស្លាក​លេខ​​ភ្នំពេញ​1BZ​-9618​ដែល​ជិះ​មក​ពី​ក្រោយ រួច​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ដ្រី​រង​គ្រោះ​ខាង​លើ​បណ្ដាល​ឲ្យ​ដួល ដោយ​ឡែក​ប្ដី​ប្រពន្ធ ពី​នាក់​ជា​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​បាន​បន្ដិត​ត្រូវ​បាន​គេ​ជិះ​បុក​ឲ្យ​ដួល​ភ្លាម​ៗ​នោះ​ប្ដី​បាន​រត់​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​របស់ គេ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់​បាន​ភ្លាមៗ ។

ក្រោយ​ពេល​កើត​ហេតុ​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​សាក​សួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ចតុ​មុខ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​បន្ដ​នីតិ​វិធី​ ៕