ប្តឹង​ចាប់​កូន​ប្រសារ ដាក់​គុក​ព្រោះ បាញ់​គម្រាម​ម្តាយ​ក្មេក

ខេត្ត​កំពង់​ស្ពឺ ៖ សមត្ថកិច្ច​​នគរបាល​​ស្រុក​សំរោង​​ទង​​ខេត្ត​កំពង់ស្ពឺ នា​​ថ្ងៃ​​ទី​​៧ កក្កដា ២០១៧ បាន​​ធ្វើ​ការ​​ឃាត់​ខ្លួន​​បុរស​​ម្នាក់ តាម​ពាក្យ​បណ្តឹង​​ម្តាយ​ក្មេក ដែល​​បាន​​ចោទ​ប្រកាន់​ថា មាន​​លាក់​​អាវុធ និង​​គ្រាប់​រំសេវ​​ខុស​ច្បាប់​ ។

នៅ​​ក្នុង​​ពាក្យ​បណ្តឹង​​កាល​ពី​​ថ្ងៃ​​ទី​​០២ កក្កដា ២០១៧ ឈ្មោះ លាង សុខ​ឃឿ​ន ភេទ​ស្រី អាយុ ៥៥​​ឆ្នាំ នៅ​​ភូមិ​តា​កេរ្តិ៍ ឃុំ​​រលាំងចក ស្រុក​សំរោង​​ទង បាន​​ប្តឹង​​ពី​​ឈ្មោះ សោម សច្ចា ហៅ​ចា ភេទ​​ប្រុស អាយុ​​៣៨​​ឆ្នាំ នៅ​​ភូមិ​​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​​សំរោង​​ទង ត្រូវ​ជា​​កូន​ប្រសា ពី​​បទ ប្រើ​​អាវុធ​​បាញ់​​គំរាម​​កំ​ហែង កាល​ពី​​ថ្ងៃ​​ទី​​៣០ មិថុនា ២០១៧ វេលា​​ម៉ោង​៨ និង​​៣០​​នាទី​យប់​ ។

វត្ថុ​​តាង បន្សល់​​កន្លែង​​កើត​ហេតុ​​សំបក​គ្រាប់ អាវុធ​​ខ្លី​​១​​គ្រាប់​ លុះ​​នៅ​​ថ្ងៃ​​ទី​​០៧ កក្កដា ២០១៧ វេលា​​ម៉ោង​​១០ និង​​២០​​នាទី សមត្ថកិច្ច​​នគរបាល​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​​ខេត្ត​កំពង់​ស្ពឺ សហការ​​ជា​មួយ​នគរ​បាល​​ស្រុក​​សំរោង​​ទង ឃាត់​ខ្លួន​​ឈ្មោះ សោម សច្ចា ហៅ​ចា ព្រម​ទាំង​​ឆែក​ឆេរ​​លំ​នៅ​​ដ្ឋា​ន ដក​ហូត​​វត្ថុ​​តាង គ្រាប់​កាំ​ភ្លើង​​AK​៤៧ ចំនួន​​៤៣​គ្រាប់ គ្រាប់​​កាំ​ភ្លើង​ខ្លី​​ម៉ាក​​K​៥៩​​ចំនួន​​០៨​​គ្រាប់ គ្រាប់​​កាំ​ភ្លើង​ខ្លី​​ម៉ា​​LOk​​ចំនួន​​០៥​​គ្រាប់ បង់​K៥៩ ស្រោម​​កាំ​ភ្លើង​ខ្លី​​១ អាវុធ​​ច្នៃ​​២ និង​​ដាវ​ដង​​ឈើ​​១ ​។ ក្រោយ​​ពី​​ឃាត់​ខ្លួន​​ជន​សង្ស័យ និង​​វត្ថុ​​តាង ត្រូវ​​បាន​​សមត្ថកិច្ច​​កសាង​សំណុំ​រឿង បញ្ជូន​​ទៅ​​កាន់​​សាលា​ដំបូង​​ខេត្ត​​តាម​នីតិ​វិធី​ ៕