គួរ​អបអរសាទរ​ទេ? ក. ទា ស៊ីវហ្គិច ដក​ពាក្យ​បណ្ដឹង​ហើយ តើ​ហេតុអ្វី?

ខេត្ត​សៀមរាប៖ រឿង​រ៉ាវ​ផ្អើល​ពេញ facebook អ្នក​ជំងឺ​វ័យ​ក្រមុំ ប្ដឹង​គ្រូពេទ្យ​កំលោះ ថា​បាន​ប្រទូស្ត​កេរ្តិ៍​ភេទ ក្នុង​មន្ទីរ ពហុ​ព្យាបាល​អង្គរ​សង់តេ នៅ​ឯ​ខេត្ត​សៀមរាប នោះ ត្រូវ​ដើម​បណ្ដឹង​ដក​ពាក្យ​បណ្ដឹង​ហើយ។ រឿង​នេះ​មាន​ការ​អះអាង​និង​បក​ស្រាយ​ពី​ប្រភព​ផ្សេង​ៗ​គ្នា​ជា​ច្រើន តែ​សាមីខ្លួន តែងតែ​បដិសេធ​ថា វា​ជា​ការ​លាប​ពណ៌ និង​ធ្វើ​ឲ្យ​ជន​រងគ្រោះ កាន់​តែ​រងគ្រោះ។

យោង​តាម​ប្រភព​ព័ត៌មាន​ដែល​គួរឲ្យ​ទុកចិត្ត​បាន​មួយ​ដែល​បាន​បង្ហោះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្នុង គណនី​ហ្វេសប៊ុក​ឈ្មោះ David Chanaiwa (ឧកញ៉ា ដេវីត ឆាយណាវ៉ា) ថា ក. ទា ស៊ីវហ្គិច បាន​សម្រេច​ដក​ពាក្យ​បណ្ដឹង ឈប់​ប្ដឹង ជន​សង្ស័យ គឺ​គ្រូពេទ្យ វ៉ាន់ ស៊ុន ហើយ ឲ្យ​តែ​ជន​សង្ស័យ និង​ខាង​មន្ទីរពេទ្យ ព្រម​សុំទោស​កញ្ញា​ជា​សាធារណៈ។ ធ្វើ​បែប​នេះ​គឺ​កញ្ញា​ចង់​បញ្ជាក់​ការពិត ចំពោះ​អ្នក​ដែល​បង្កាច់បង្ខូច​កញ្ញា និង​លាប​ពណ៌ ថា​កញ្ញា​ចង់​ធ្វើ​ស៊ី​គ្រូ​ពេទ្យ​កំលោះ។ ខាង​ក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង៖

ខ្ញុំ​ទទួល​ដំណឹង​ថា​ក្មួយ ទា ស៊ីវហ្គិច បាន​ដាក់​លិខិត​ដក​ពាក្យ​បណ្ដឹង​លើ​ក្មួយ វ៉ាន់ស៊ុន ដោយ​មិន​ទាមទារ​សំណង ចូល​ទៅ​អយ្យកា​ខេត្ត​សៀមរាប​ហើយ កាល​ពី​ម្សិល​មិញ​នេះ យោង​តាម​ហេតុផល​ដ៏​ល្អ គឺ​នាង​ចង់​ផ្ដល់​ឱកាស​ឲ្យ វ៉ាន់ ស៊ុន បាន​កែប្រែ​ខ្លួន​និង​សារភាព​កំហុស​ឆ្គង ដែល​បាន​លើសលួស​លើ​រូប​នាង​ជា ( ករណី​នេះ​ជន វ៉ាន់ ស៊ុន បាន​សារភាព​កំហុស​ថា​បាន​ប្រព្រឹត្ត​លើ កញ្ញា ទា ស៊ីវហ្គិច) នេះ​ជា​សក្ខីភាព​ដ៏​ល្អ​មួយ​បញ្ជាក់​ថា​កញ្ញា ទា ស៊ីវហ្គិច មាន​ចិត្ត​មេត្តា​សន្ដោស​និង​មិន​ចង់​ឲ្យ​ក្មួយ វ៉ាន់ ស៊ុន ទទួល​ទោស​ជាប់​ពន្ធនាគារ ហើយ​បាត់​បង់​អនាគត រួមទាំង​គ្មាន​ទី​ពំនឹង​ក្នុង​ការ​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ​ឡើយ នាង​ទាមទារ​ត្រឹមតែ​ឲ្យ​ជន វ៉ាន់ ស៊ុន សារភាព​កំហុស​ឆ្គង ជា​សាធារណៈ ដើម្បី ជា​សក្ខីកម្ម​បញ្ជាក់​ទៅ​ជន​ជ្រុល​និយម​មួយ​ចំនួន​ឲ្យ​បញ្ចប់​នូវ​វប្បធម៌ លាប​ពណ៌ ប្រឌិត​ព័ត៌មាន ញុះញង់ ឲ្យ​នាង​ដែល​ជា​ភាគី​រងគ្រោះ​កាន់​តែ​រងគ្រោះ​បន្ត​ទៅទៀត ជា​ពិសេស​ការ​ប្រមាថ​ក្នុង​ន័យ​បទល្មើស បរិហារ​កេរ្តិ៍​ជា​សាធារណៈ ជា​ពិសេស មន្ទីរ​សម្រាក ដែល​មិន​មាន​ភាព​ទទួល​ខុស​ត្រូវ​លើ​អ្នក​ជំងឺ។

ខ្ញុំ​ឧកញ៉ា ដេវីត ឆាយណាវ៉ា សុំ​ថ្លែង​អំណរ​អរគុណ យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ក្មួយ ស៊ីវហ្គិច ដែល​មិន​ប្រកាន់​ខឹង​ចំពោះ​កំហុស​របស់​ក្មួយ វ៉ាន់ ស៊ុន ជា​ពិសេស​ខ្ញុំ​ស្នើ​សុំ​ឲ្យ​មហាជន​មិត្ត​ភក្ត្រ​សាច់ញាតិ វ៉ាន ស៊ុន ទាំងអស់​ឈប់​ព្យាយាម​ការពារ​កំហុស​ក្មួយ វ៉ាន់ ស៊ុន បន្ត​ទៀត ដែល​មើល​ទៅ​វា​ជា​ការ​ជំរុញ​ឲ្យ​ក្មួយ វ៉ាន់ ស៊ុន កាន់​តែ​មាន​កំហុស​លើស​ដើម និង​បន្ថែម​ភាព​ក្ដៅ​ក្រហាយ​ដល់​ជន​រងគ្រោះ​យ៉ាង​លើស​លុប​លើ​ផ្នែក​បញ្ហា​ផ្លូវ​ចិត្ត។

សុំ​អរគុណ លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ អា​គាត់ (William Guang) នេះ ដែល​បាន​ចូលរួម​ពន្យល់​ណែនាំ​និង​ខិតខំ​ក្នុង​បេសកកម្ម​រក​យុត្តិធម៌​និង​ការពារ​យុត្តិធម៌​ឲ្យ​នារី​រងគ្រោះ​តាំង​ពី​ដើម​ទី សុំ​អរគុណ​ដល់​សហការី មេធាវី របស់​ខ្ញុំ​ទាំងអស់​ដែល​បាន​ខិតខំ​ក្នុង​បេសកកម្ម​នេះ។

ទាក់​ទិន​រឿង​នេះ ក. ទា សៀវ​ហ្គិច បាន​បង្ហោះ​ខ្លឹម​សារ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ឈ្មោះ Jum Teav Toch កាល​ពី​ព្រឹក​ថ្ងៃទី ៨ ខែ​កក្កដា​នេះ​ថា ត្បិត​តែ​ពាក្យ​បណ្ដឹង​ត្រូវ​បាន​ដក​មែន តែ​រឿង​នៅ​មិន​ទាន់​ចប់​ទេ។ កញ្ញា​សរសេរ​​ខ្លី​ថា «តាម​ពិត​ទៅ​ ការ​ដក​ពាក្យ​បណ្តឹង ខ្ញុំ​មិន​បាន​ទទួល​ការ​ពិភាក្សា​ពី​មេធាវី​ខាង​ជន​ជាប់​ចោទ​ឡើយ​ ហើយ​ឯកសារ​ដែល​គាត់​បាន​មក​បង្ហោះ​ ខ្ញុំ​ក៏​មិន​ដឹង​មូលហេតុ​អ្វី​ដូច​គ្នា​ ការងារ​មេធាវី​ខាង​ជន​ជាប់​ចោទ​មាន​តែ​ការពារ​ជន​ជាប់​ចោទ​តែប៉ុណ្ណោះ។ ដក​បណ្តឹង​ មិន​មែន​មានន័យ​ថា​ចប់​រឿង​ឡើយ។»

សារព័ត៌មាន​ដំណឹង​យប់មិញ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី ក. ទា ស៊ីវហ្គិច បាន​ទេ​នៅ​ពេល​នេះ។ បើ​សាមី​ខ្លួន​មាន​បំណង​ចង់​បញ្ជាក់​បន្ថែម អង្គភាព​យើង​ខ្ញុំ​ស្វាគមន៍​ដោយ​រីករាយ។

សូម​រំលឹក​ថា ក. ទា ស៊ីវហ្គិច បាន​ដាក់​ពាក្យ​ប្ដឹង​គ្រូពេទ្យ​កំលោះ​ឈ្មោះ វ៉ាន់ ស៊ុន ដែល​ជា​គ្រូ​ពេទ្យ​ប្រចាំការ​ក្នុង​មន្ទីរ​ពហុ​ព្យាបាល អង្គរ​សង់តេ ដែល​ស្ថិត​ក្នុង​ខេត្ត​សៀមរាប ថា បាន​ប្រទូស្ត​កេរ្តិ៍​ភេទ​លើ​រូប​នាង ខណៈ​នាង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ ដោយ​គ្មាន​អ្នក​កំដរ កាល​ពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ។