នគរបាល​ខណ្ឌពោធិ៍​សែន​ជ័យ​បង្ក្រាប​ជន​សង្ស័យ​៨​នាក់ ៣​ករណី​ផ្សេង​គ្នា

ភ្នំពេញ ៖ ជន​សង្ស័យ​ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​ចាប់​ខ្លួន​បាន ក្នុង​ករណី​៣​ផ្សេង​គ្នា ហើយ​៣​ទី​តាំង​ផ្សេង​គ្នា មាន​៣​នាក់ ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ជួញ​ដូរ​គ្រឿង​ញៀង ចាប់​ខ្លួន​បាន​នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កាកាប ហើយ​មាន​ជន​សង្ស័យ​៣​នាក់ ពាក់​ព័ន្ធ​ទៅ​នឹង​ជក់​គ្រឿង​ញៀន ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​បាន នៅ​ក្នុង​ភូមិ​ត្រពាំង​អញ្ចាញ​៤ សង្កាត់​ត្រពាំង​ក្រសាំង ចំណែក​២​នាក់​ទៀត ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​លួច​យ៉ាង​សកម្ម​ក្នុង​មូល​ដ្ឋាន លួច​មិន​រើស​​មុខ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​បាន នៅ​ក្នុង​ភូមិ​ត្រពាំង​អញ្ចាញ​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។ ក្នុង​កិច្ច​ប្រតិបត្តិ​ការ​បង្ក្រាប​ខាង​លើ ប្រ​ព្រឹត្ត​ទៅ​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​រសៀល​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៧ ។

តាម​នគរបាល គ្រាប់​តែ​ប្រាប់​ឲ្យ​ស្គាល់ ពី​អត្ត​សញ្ញាណ​ជន​សង្ស័យ​២​នាក់ លួច​​យ៉ាង​សកម្ម​ក្នុង​មូល​ដ្ឋាន ទី១ ឈ្មោះ ហែ នី ភេទប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទី​លំ​នៅ ភូមិ​ត្រពាំង​អញ្ចាញ​៤ សង្កាត់​ត្រពាំង​ក្រសាំង ។ ទី២ ឈ្មោះ អ៊ុយ សុខចិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បញ្ជា​ពី​លោក​វរសេនីយ៍​ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ទើប​កម្លាំង ប៉ុស្តិ៍​កាកាប ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ដឹក​នាំ​ដោយ​លោក វរសេនីយ៍​ត្រី​ មន វុធី ចុះ បង្ក្រាប​ចាប់​ខ្លួន ជន​សង្ស័យ​៣​នាក់ និង​ថ្នាំញៀន​ជាង​១០​កញ្ចប់ នៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កាកាប និង​បន្ត​ទៅ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ ២​នាក់ ពាក់​ព័ន្ធ​លួច​យ៉ាង​សកម្ម នៅ​ភូមិ​ត្រពាំង​អញ្ចាញ​៤ ហើយ​កម្លាំង​នគរបាល ប្រទះ​ជួប​ជន​សង្ស័យ​៣​នាក់​ផ្សេង​ទៀត កំពុង​ជក់​គ្រឿង​ញៀន ក្រសោប​ក្របួច​យក​មក​ប៉ុស្តិ៍​ទាំង​អស់ ។

ក្រោយ​ពី​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ទាំង​៨​នាក់ មាន​៣​នាក់​ត្រូវ​បាន បញ្ជូន​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​កាកាប ចំណែក​​៥នាក់​ទៀត​ត្រូវ​បាន​នាំ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​ទៅ​តាម​នីតិ​វិធី ៕