ឆ្លង​ចរន្ត​ផ្ទាំង​សូឡា​ឆេះ​ផ្ទះ​អស់​១​ខ្នង​និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​

ស្វាយរៀង៖ អគ្គីភ័យ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ធ្វើ​ឲ្យ​ផ្ទះ​មួយ​ខ្នង​ត្រូវ​រលាយ​គ្មាន​សល់​មួយ​ពព្រិច​ភ្នែក ដែល​ហេតុ​​ការណ៍​​នេះ​កើត​ឡើង​កាល​ថ្ងៃ​​ទី ០៦ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​១២​និង ៤០​នាទី មាន​អគ្គីភ័យ​មួយ​បាន​កើត​ឡើង​នៅ​ភូមិ​រកា ឃុំ​អង្គ​តាសូ ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយ​រៀង ផ្ទះ​ដែល​រង​ការ​ខូច​ខាត​នេះ​មាន​ទំហំ ៧​ម៉ែត​គុណ​និង​៨ ម៉ែត សង់​អំពី​ឈេី ដំបូល​ក្បឿង​ជញ្ជាំង​ក្ដា ដែល​មាន​ម្ចាស់​ឈ្មោះ សុខ ធឿន ភេទប្រុស អាយុ​៣៩ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ឃុំ​កេីត​ហេតុ​ខាង​លេី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល​អោយ​មាន​អគ្គីភ័យ​នេះ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​ផ្ទាំង​សូឡា ហើយ​បាន​ឆាប​ឆេះ​ឡើង ស្រប​ពេល​ដែល​ម្ចាស់​ផ្ទះ​ទៅ​ភ្នំពេញទាំង​ប្តី​ប្រពន្ធ ហើយ​នៅ​តែ​កូន​តូច​ៗ​នៅ​ចាំ​ផ្ទះ ក្នុង​ករណី​នេះ មិន​បណ្តាល​អោយ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​ដែល​នៅ​ក្នុង​ផ្ទះត្រូវ​ភ្លើង​ឆេះ​អស់​ទាំង​ស្រុង ៕