Update: ឡាននិង​​ម៉ូតូ​លេខ​ដូច​គ្នា ជិះ​ទិសដៅ​ផ្ទុយ​គ្នា បុក កិន​ស្លាប់​មនុស្ស​២​នាក់ (មាន​វីដេអូ)

រាជធានី​ភ្នំពេញ៖ មនុស្ស​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​បំផុត​នៅ​ក្រោម​កង់​រថយន្ត​នៅ​ចំណុច​ផ្លូវ ៣០ ម៉ែត្រ នៅ​ចំណុច​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មានជ័យ​៣ ខណ្ឌមាន​ជ័យ រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ​២០១៧។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​គេ​ដឹង​ថា ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Fino ពាក់​ស្លាក​លេខ ភ្នំពេញ 1X-3832 ជិះ​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ពី​ជើង​ទៅ​ត្បូង លុះ​ដល់​ចំណុច​កើត​ហេតុ​ក៏​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​ថ្ម​ដ៏​ធំ​មួយ ពាក់​ស្លាក​លេខ ភ្នំពេញ3B-3832 បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រថយន្ត កិន​ស្លាប់​មួយ​រំពេច។

ជន​រងគ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ ដែល​ទី១-​ឈ្មោះ អឿន ឆាលី អាយុ ២២ មុខ​របរ​កម្មករ​សំណង់ និង ទី២-ឈ្មោះ ប៊ុន ធឿន អាយុ​២២​ឆ្នាំ មុខ​របរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សាងសង់​នៅ​ជិត​វត្ដ​សំរោង​អណ្ដែត។ អ្នក​ទាំង​២ មាន​ស្រុកកំណើត​នៅ​ភូមិ​គោក​តាង៉ាន ឃុំ​តាង៉ាយ ស្រុក​ស្ទឹងត្រង់ ខេត្ដ​កំពង់​ចាម គឺ​ផ្ទះជិតគ្នា ។

ក្រោយ​ពេល​កើត​ហេតុ អ្នក​បើក​បរ​រថយន្ត​បាន​ចុះ​រត់​គេច​ខ្លួន​បាត់ បន្សល់​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ចំណែក​សាកសព​ជន​រង គ្រោះ​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គួ្រសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត។ ដោយ​ឡែក​រថយន្ដ​និង​ម៉ូតូ​ត្រូវ បាន​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​រួច​អូស​យក​ទៅ​រក្សា​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ រង់​ចាំ​ភាគី​ទាំង​២​ចូល​ខ្លួន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕

សូម​ទស្សនា​សេចក្ដី​រាយ​ការណ៍​ពី​កន្លែង​កើត​ហេតុ