ចាប់​ហ្វាំ​ង​បន្ទាន់ ធ្លាក់​ដែក​ទៅ​មុខ​បែក​កញ្ចក់​រថយន្ត

ភ្នំពេញ ៖ រថយន្ត​ទូ​រី​ស​ដឹក​ដែក​ចង​មិន​ជាប់​បាន​ដាច់​ធ្លាក់​ត្រូវ​រថយន្ត​ដែល​បើក​នៅ​ពីមុខ បណ្តាល​អោយ​បែក​កញ្ចក់​ផ្នែក​ខាងក្រោយ សំណាង​ហើយ​ពុំ​មាន​អ្នក​រង​របួស នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៥ ក​ក្ត​ដា ២០១៧ នៅ​ចំណុច​មុខ​វត្ត​ទឹកថ្លា ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ការណ៍​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ប៊ី​ស៊ុ​យ​ប៊ី​ស៊ី ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ ​2O-2121 បើក​ក្នុង​ទិស​ដៅ​ពី​កើត ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៍​មាន​រថយន្ត​ទូ​រី​ស​១​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-0261 បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិស​ដៅ​ស្របគ្នា ដោយ​មាន​ដឹក​ដែក​ទីប​ជ្រុង ចង​នៅ​លើដំបូល​រថយន្ត​ទៀត​ផង ស្រប​ពេល​រថយន្ត​ប៊ី​ស៊ុ​យ​ប៊ី​ស៊ី បន្ថយល្បឿន​ដល់​ផ្លូវបំបែក ស្រាប់តែ​រថយន្ត​ទូ​រី​សក៍​ចាប់​ហ្វាំ​ង​បន្ទាន់ ធ្វើ​អោយ​ដែក​ដែល​ចង​លើដំបូល​រថយន្ត​ទូ​រី​ស​នោះ របូត​ធ្លាក់​មក​ត្រូវ​រថយន្ត​ដែល​បើក​ពីមុខ បណ្តាល​អោយ​បែក​កញ្ចក់​ផ្នែក​ខាងក្រោយ​តែ​ម្តង​។

សមត្ថកិច្ច​ដែល​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​និយាយ​ថា មូលហេតុ​ដែល​នាំ​អោយ​មាន​ករណី​នេះ​កើតឡើង​គឺ​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​ទូ​រី​ស​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​ព្រម​ចង​ដែក​នោះ​អោយ​ជាប់ ។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ទូ​រី​សបាន​ធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់​រថយន្ត​រង​គ្រោះ​ដោយ​ចេញថ្លៃ​ជុស​ជុល​ជា​ទឹកប្រាក់​ចំនួន​៨០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ៕